(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញផែនការជាច្រើន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូនមានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហិង្សា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតហៅកាត់ថា «គជប» គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូចនេះអាជ្ញាធរខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត បានខិតខំជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈមោះមុត ក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោកបន្តថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានកំណត់នូវយន្តការ និងរចនាសម្ព័ន្ធ សន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយនឹង គ.ជ.ប ធ្វើជាគណៈកម្មការឃុំសង្កាត់ ដោយគោរពបានទៅតាមបទបញ្ញត្តិ ដែលគោលការណ៍ស្ដីពីការបោះឆ្នោតក៏ដូចជាបទបញ្ជានីតិវិធី គ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិប្រកបដោយក្រមសីលធម៌។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បានត្រៀមកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថធ្វើយ៉ាងណា ត្រូវបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ឱ្យបានល្អ ពិសេសធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពរបៀប រៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យដំណើរការនៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ បានប្រព្រឹត្ត ទៅដោយរលូនដោយគ្មានការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាណាមួយកើតឡើងនោះទេ។

លោកបញ្ជាក់ថា «យើងបានខិតខំត្រៀមខ្លួនក្នុងការធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខ សុវត្ថិភាពចំពោះបណ្ដាមុខសញ្ញាៗនឹងត្រូវយកចិត្តទុក ដាក់ដល់ការសហការការពារសន្តិសុខសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់នៅតាមគោល ដៅ នៅមុខសញ្ញាសំខាន់ៗទាំងក្នុងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត ពេលបោះឆ្នោត នឹងនៅពេលរាប់សន្លឹកឆ្នោតជាដើម ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព»

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅទូទាំងខេត្តមានឃុំសង្កាត់ចំនួន២៩ និងមានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន១៣៦ ២៧៥នាក់ មានការរិយាល័យបោះឆ្នោត៣១៧ និងមានគណបក្សប្រកួតចំនួន១១ ដូច្នេះលោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ សូមចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តឡើងនៅពេលឆាប់ៗខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទី ក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ៕