(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រខ្លួននានា សូមកុំទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងឃុំសង្កាត់ណា ដែលគណបក្សខ្មែរតែមួយ មិនបានដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោត។

លិខិតអំពាវនាវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលនេះ លោក គុជ លី ស្ថាបនិក និងជាប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ សកម្មជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សខ្មែរតែមួយ ឱ្យទៅបោះឆ្នោត ជូនបេក្ខជនមេឃុំចៅសង្កាត់ នៅក្នុងឃុំសង្កាត់ណាដែលគណបក្សខ្មែរតែមួយ បានដាក់បញ្ជីឈ្មោះបេក្ខភាពឃុំសង្កាត់ជាផ្លូវការ ដោយបានទទួលស្គាល់ពី គជប តែប៉ុណ្ណោះ។

«គោលបំណងរបស់ខ្ញុំ គឺចង់ផ្តល់ភាពយុត្តិធម៌ និងសមភាពសម្រាប់គណបក្សនានា បានដាក់បេក្ខភាពឈរឈ្មោះនៅក្នុងឃុំសង្កាត់ទាំងនោះជាផ្លូវការ ដូច្នេះខ្ញុំសូមអំពាវនាវដល់ សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ សូមសម្រាកមួយថ្ងៃ «ដេកផ្ទះដើម្បីម្រាមដៃស្អាត» សម្រាប់ឃុំសង្កាត់ណា ដែលគណបក្សខ្មែរតែមួយមិនបានដាក់ បេក្ខភាពឈរឈ្មោះបោះ ឆ្នោត»។ នេះបើតាម លោក គុជ លី។

លោក គុជ លី បានអះអាងថា លោកប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនជានិច្ចឈរលើប៉ូលនយោបាយថ្មី «កណ្តាលនិយម» ក្នុងការដឹកនាំគណបក្សខ្មែរតែមួយ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការអំពាវអំនាវរបស់លោក គឺសម្រាប់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ សកម្មជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សខ្មែរតែមួយ តែប៉ុណ្ណោះ ហើយលោកមិនបានធ្វើសេចក្តីអំពាវអំនាវដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតទូទាំងប្រទេសកម្ពុជា សូមកុំទៅបោះឆ្នោតឃុំសង្កាត់នោះទេ៕