(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានចាត់ឱ្យលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារនាំយកថវិកា និងសម្ភារៈមួយចំនួនទៅចូលរួមបុណ្យសពជនរងគ្រោះម្នាក់ដែលស្លាប់ដោយសារខ្សែភ្លើងឆក់។

សពជនរងគ្រោះមានឈ្មោះ ហ៊ុល ឌី អាយុ៥០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ដែលស្លាប់ដោយសារឆក់ខ្សែភ្លើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ខណៈកំពុងជួយប្រក់ដំបូលផ្ទះជាមួយអ្នកក្បែរខាងម្នាក់ទៀត។

សម្ភារៈដែលចូលរួមជួយដល់គ្រួសារសពនាពេលនោះមានអង្ករ៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកសុទ្ធ២កេស និងថវិកា៤០ម៉ឺនរៀល។

លោក វ៉ាន់ ហ៊ាង បានបញ្ជាក់ថា ជាទូទៅកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខា និងអនុសាខា ដែលមានលទ្ធភាពក្នុងការងារមនុស្សធម៌នេះទៅបាន គឺអាស្រ័យមានការចូលរួម បរិច្ចាគទាំងថវិកា និងសម្ភារៈពីសំណាក់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានទំនុកជឿជាក់លើការងារ ដឹកនាំរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

តំណាងគ្រួសារសពក៏បានថ្លែងអំណរគុណចំពោះលោក ជាវ តាយ ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលបាននាំយកថវិកានិងសម្ភារៈមកចូលរួមបុណ្យសពនាពេលនេះ ដែលសបញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា។

សូមជម្រាបថា នាវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីឆក់ខ្សែភ្លើងនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ បណ្តាលឱ្យឆក់ជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ មូលហេតុគឺបណ្តាលមកពីលើកស័ង្កសីប្រក់ផ្ទះក្រោមបង្គោលភ្លើង ក៏ប៉ះជាមួយខ្សែភ្លើងឆក់តែម្ដង៕