(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះការចូលព្រះទិវង្គតព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី ថៃ សត្ថិសុវី ខូរ៉ូលី មានខ្លឹមសារយ៉ាងដូច្នេះថា «ខណៈនេះខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច ជាព្រះមាតារបស់លោកស្រី ដែលបានចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោកស្រី ព្រមទាំងព្រះញាតិទាំងអស់ ព្រោះថាការបាត់បង់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច គឺជាការបាត់បង់ព្រះមាតាដែលពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់នៃបុត្រី ព្រមទាំងបងប្អូន កូនចៅ និងព្រះ
ញាតិទាំងឡាយរបស់ព្រះអង្គ។

ជាថ្មីម្ដងទៀត ខ្ញុំនិងភរិយា សូមបួងសួងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច យាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»