(កំពង់ចាម)៖ ក្នុងនាមលោក ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ, លោក ឌួង ឧត្តម អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុសខ្នុរ និងលោក ងួន វិទូ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រមាណជិត៥០០នាក់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ក្នុងជំនួបដែលបានរៀបចំឡើងនៅបរិវេណវត្តគីរីសោភណ្ឌ (ហៅវត្តភ្នំទែត្រក្នុង) អង្គបោះឆ្នោត បានបង្ហាញពីការតាំងចិត្ត ក៏ដូចជាការប្ដេជ្ញាចិត្តខ្ពស់ទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត គ្រាដែលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

នៅពេលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនាពេលខាងមុខ អង្គបោះឆ្នោត បានធ្វើការប្តេជ្ញាចិត្តចំពោះមុខប្រជាជនធានាការអនុវត្តគោលនយោបាយរបស់គណបក្សឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈបង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងជនងាយរងគ្រោះ និងអភិវឌ្ឍឃុំ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនឡើង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន៕