(កំពង់ធំ)៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានបន្តបេសកកម្មរបស់ គណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាល ជាមួយបងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋនៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក៏បានបង្រៀនឲ្យសមាជិកបក្សចេះគូសសន្លឹកឆ្នោតផងដែរ។

នៅក្នុងឱកាសនោះលោក សោម ស៊ុន បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រាប់ប្រជាពលរដ្ឋថា៖ «សុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្ស ប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត»

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ ត្រង់ចំណុចនេះលោក សោម ស៊ុន ប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរសំខាន់លទ្ធផលជាក់ស្តែង។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលដើរខ្សឹបថាធ្វើនេះធ្វើនោះទេ តែសមិទ្ធិផលកើតមានព្រោងព្រាតតាម ភូមិ ឃុំ ស្រុក។ ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំ យើងកាន់តែរីកចម្រើនថែមទៀត។

លោកបានថ្លែងថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា, ប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ»

លោកបន្តទៀតថា តាមបណ្ដាមូលដ្ឋានឃុំសង្កាត់សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្ស ចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស៕