(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដីនៅតំបន់ប្រាសាទសំបូរព្រៃគុក ស្រុកប្រាសាទសំបូរ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា ក្នុងឱកាសដំណើរការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងបោះឆ្នោតនាថ្ងៃខាងមុខនេះ។

ពិធីបួងសួងនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ក្រុមបឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការយ៉ាងច្រើនផងដែរ។

បន្ទាប់ពីធ្វើការបូជាទៀនធូប និងថ្វាយភួងផ្កាភ្ញីនៅក្នុងរានអាសនៈប្រាសាទយាយព័ន្ធរួចមក ក្នុងពិធីបួងសួងនេះបានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណីទំនៀមទម្លាប់នៃព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធ ដែលបានគោរពបដិបត្តិតរៀងមក ក្នុងនោះដែរ លោក លោកស្រី លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួងសូមព្រះបារមីដ៏ស័ក្តិសិទ្ធិដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ព្រមទាំងបារមីអារុក្ខអារក្សអ្នកតាគ្រប់ទិសទី និងទេវតារក្សានៅតាមប្រាង្គប្រាសាទនានាតាមជួយថែរក្សាថ្នាក់ដឹកនាំប្រទេសកម្ពុជា សូមជួយឱ្យកិច្ចដំណើរការនៃដំណើរការឃោសនា និងបោះឆ្នោតទទួលបានជោគជ័យ ជាពិសេសគណបក្សប្រជាជនកម្ពុជា និងទទួលបានសំឡេងការគាំទ្រពីប្រជាពលរដ្ឋ ឱ្យកម្ពុជាបានជួបនូវសេចក្តីសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិរីកចម្រើនតទៅអនាគត៕