(ភ្នំពេញ)៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងយោធិននារី នៃកងរាជអាជអាវុធហត្ថ ដើម្បីស្វែងយល់ពីសុខទុក្ខ ព្រមទាំងការអនុវត្តភារកិច្ចមួយចំនួនរបស់យោធិនជានារី នៅក្នុងកងរាជអាវុធហត្ថ។

ពិធីនេះ មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងលោកនាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថនារីមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំង ២៥រាជធានី/ខេត្ត និងសាលាទាំងពីរ នៅអគារ២០២០ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកស្រីរដ្ឋលេខាធិការ បានបង្ហាញក្តីសេចក្តីសោមនស្សរីករាយក្រៃលែង ជាមួយនឹងប្រសាសន៍ដ៏មានតម្លៃ ជម្រាបជូនអង្គពិធីអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ជាតិ ក៏ដូចជា៖ នយោបាយ សេដ្ឋកិច្ច និងវិបត្តិនានាដែលកើតមានឡើង ជាពិសេសអំពីស្ថានភាពជំងឺឆ្លងកូវីដ១៩។ល។

លោកស្រី ដាំ ដារិនី ក៏បានបញ្ជាក់អំពីស្ថានភាពស្ត្រីខ្មែរ និងយោធិននារី បានចូលរួមការងារជាច្រើនជាមួយប្រទេស សង្គមជាតិ និងក្នុងគ្រួសារផង។

ក្នុងពិធីនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានរំឮក និងផ្តល់អនុសាសន៍សំខាន់ដូចខាងក្រោម៖

*ទី១៖ គោរព ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពារ និងគោរពដាច់ខាតការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
*ទី២៖ សុំឱ្យបន្តប្រពៃណីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ត្រីខ្មែរ ការលើកម្ពស់សង្គម និងតម្លៃគ្រួសារឱ្យបានគង់វង្ស។
*ទី៣៖ បន្តពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពឱ្យបានម៉ត់ចត់វិន័យ និងបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ
*ទី៤៖ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនាមជាស្ត្រី
និងទី៥៖ យើងទាំងអស់គ្នា ដែលមានឈ្មោះបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីទទួលបានថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។

កងរាជអាវុធហត្ថ បានការពារសន្តិសុខសុវត្ថិភាពជូនភរិយា រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ពអាស៊ាន ដែលអញ្ជើញមកចូលរួមប្រជុំនៅកម្ពុជា ចូលរួមក្នុងពិធីផ្សេងៗ...។ ចូលរួមក្នុងប្រតិបត្តិការ និងផ្សព្វផ្សាយលើការងារការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩, ចូលរួមសង្គ្រោះគ្រោះមហន្តរាយនានាជាអាទិ៍ ការបាក់រលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែប ព្រមទាំងការជួយសង្គ្រោះប្រជាជន ដែលទទួលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។

ជាការឆ្លើយតបនឹងគុណសម្បត្តិ ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានកងរាជអាវុធហត្ថនារីរបស់យើងបានទទួលនូវការសរសើរលើកទឹកចិត្ត ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានទទួលនៅគ្រឿងឥស្សរិយយស មេដាយ ប័ណ្ណសរសើរ និងលិខិតសរសើរ មួយចំនួនជាបន្តបន្ទាប់។ ក្រៅពីកិច្ចការខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ហាការ កងរាជអាវុធហត្ថ និងថ្នាក់ដឹកនាំគ្រប់លំដាប់ បានយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិន នៃកងរាជអាវុធហត្ថនារី ដែលមានជំងឺ សម្រាលបុត្រ និងការសម្រាកលំហែមាតុភាពផងដែរ៕