(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក លី មីណា ប្រធានគណៈកម្មាធិការគណបក្សស្រុកបុរីអូរស្វាយសែនជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអូរស្វាយ បានចុះដឹកនាំយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅភូមិឧបសម្ព័ន្ធអ៉ីប៊ុ ដោយមានសមាជិក សមាជិកាចូលរួមចំនួន១៣៨នាក់។

ក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានឡើងអានសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលើកឡើងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជនតាំងពីដើម និងរហូតដល់សព្វថ្ងៃ ព្រមទាំងបន្តទៅថ្ងៃអនាគតផងដែរ។

នៅក្នុងដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត, លោក លី មីណា ក៏បានថ្លែងអំណរគុណសមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើង គ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព និងបានស្នើនិងអំពាវនាវដល់ពលរដ្ឋ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់កូតាគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា សំដៅបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមរំលឹកថា យុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕