(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសាកលវិទ្យាល័យកូរ៉េ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាអំពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល។

កិច្ចប្រជុំនេះភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដឹកនាំដោយ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា ចំណែកភាគីវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដឹកនាំដោយលោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការសម្រាប់កម្មវិធីបណ្តុះបណ្តាល ស្តីពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សម្រាប់រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យកូរ៉េ បានបង្ហាញផែនការសម្រាប់វគ្គបណ្ដុះបណ្ដាល និងបានស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលលម្អិតមួយ ដោយផ្លាស់ប្តូរយោបល់ពីគ្រប់ភាគី។

ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន បានលើកឡើងថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ វគ្គបណ្តុះបណ្តាលទាំងអស់របស់ KOICA ត្រូវបានប្តូរទៅវគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ហើយទោះបីជាការគំរាមកំហែងពីជំងឺកូវីដ-១៩ បានថយចុះក៏ដោយ ក៏ KOICA មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលរបស់យើងទាំងអស់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយរួមទាំងឆ្នាំនេះផងដែរ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាសំណាងល្អ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយទីស្នាក់ការកណ្តាល KOICA យើងបានធ្វើការផ្លាស់ប្តូរផែនការរបស់យើង និងចាប់ផ្តើមវគ្គសិក្សាថ្មី ដោយការសិក្សាដោយផ្ទាល់វិញ ដែលជាវគ្គបណ្តុះបណ្តាលផ្អែកលើការអញ្ជើញទៅសិក្សានៅសាធារណរដ្ឋកូរ៉េដោយផ្ទាល់»

លោក ទាន សំណាង បានថ្លែងអំណរគុណដល់ KOICA ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ លោកក៏បានទទួលស្គាល់ និងផ្តល់ការយល់ស្របទៅលើគំនិតផ្តួចផ្តើម ដែលបានស្នើឡើងពីខាងភាគីកូរ៉េផងដែរ៕