(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត៧០០នាក់ ដើម្បីបន្តឃោសនារកការគាំទ្រពីប្រជាពលរដ្ឋតាមមូលដ្ឋាន។

នៅពេលដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនោះ លោក វណ្ណៈ សោភានិត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងតែគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍មានជារៀងរហូតសម្រាប់ប្រទេសជាតិដូចអ្វីដែលបងប្អូនបានឃើញស្រាប់។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បោះជូនគណបក្ស ប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនោះគណបក្សប្រជាជនឃុំផាន់ញ៉ើមឈរលំដាប់លេខរៀងទី២៕