(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅសំណង់បណ្ដោះអាសន្នទំនប់៩២,៩៤ និងប្រឡាយ៥៤ ក្នុងគម្រោងស្ថាបនាអាកាយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ ចំនួន១៥៦គ្រួសារ ទទួលបានផ្ទះស្របច្បាប់ ក្រោមគោលនយោបាយឈ្នះឈ្នះ ពិសេសក្រមការគិតគូរយកចិត្តពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីប្រគល់នេះផ្ទះនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន និងជាប្រធាន ក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

នាឱកាសនោះលោក បេងហុង សុជាតិខេមរ៉ូ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-ពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់។ រាជរដ្ឋាភិបាលបានជ្រើសរើសភូមិសាស្ត្រខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F លើផ្ទៃដីសរុប ២,៦០០ហិកតា។

លោកបានបន្តថា «គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅលើទំនប់៩២,៩៤ និងប្រឡាយ៥៤ ចំនួន១៧១គ្រួសារ ហើយឱ្យរាជរដ្ឋាភិបាលបានសម្រេចផ្ដល់ លំនៅដ្ឋានជូនពួកគាត់ទាំង១៧១គ្រួសារ ដោយបានសាងសង់រួចរាល់ និងបានប្រគល់ជូនពួកគាត់ស្នាក់នៅ រហូតឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់នាថ្ងៃនេះផងដែរ»

នាឱកាសផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, លោក គង់ សោភ័ណ្ឌ បានសម្ដែងនូវអំណរសាទរចំពោះប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។

លោកអភិបាលខេត្ត បានបន្តថា ការផ្ដល់លំនៅឋាននឹងឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅពេលនេះ គឺសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និងនៅកៀកជិតប្រជាពលរដ្ឋដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។

ក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់ ព្រមទាំងបន្តបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួនដូចជា៖ សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាប់ជាប្រចាំនៅមូលដ្ឋានដូចភ្លៀងរលឹម។

លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា៕