(កណ្តាល)៖ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ បន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោត ក្នុងសង្កាត់កោះអន្លង់ចិន។

នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រាប់ប្រជាពលរដ្ឋថា៖ «សុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត»

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ ត្រង់ចំណុចនេះលោក នុត ពុធដារ៉ា ប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលដើរខ្សឹបថាធ្វើនេះធ្វើនោះទេ តែសមិទ្ធិផលកើតមានព្រោងព្រាតតាម ភូមិ ឃុំ ស្រុក។ ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំ យើងកាន់តែរីកចម្រើនថែមទៀត៕