(កំពង់ស្ពឺ)៖ ដោយមានការណែនាំ និងអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់មន្ដ្រីនគរបាលចំនួន២៥៧នាក់។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ចាន់ ស៉ីថា អគ្គស្នងការរងតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក អ៊ុ អុន បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលក្នុងពេលនេះ មានសិក្ខាកាមសរុបចំនួន២៥៧នាក់ (ស្រី៣៥នាក់) ដែលមកពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋាន-អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចំនួន១២។

លោកនាយកសាលាបានបញ្ជាក់ទៀតថា ផ្ដើមចេញពីគោលនយោបាយ និងយុទ្ធសាស្ដ្រកំណែទម្រង់ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ លើការកសាងផែនការបណ្ដុះបណ្ដាល បំពាក់បំប៉នមុខជំនាញជូនដល់កងកម្លាំងនគរបាលជាតិ។

បន្ទាប់ពីសម្ពោធដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៥កន្លងមក សាលាបានបើកវគ្គបណ្ដុះបណ្ដាល និងបំប៉នជំនាញជូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ចំនួន២២វគ្គ មានសិក្ខាកាមសរុបចំនួន២,៦៦៦នាក់ ស្រី១១៩នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចាន់ ស៉ីថា បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំសាលា និងមន្ដ្រីនគរបាលទាំងអស់ នៃសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលបានយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏ដូចជាបន្ដទៅអនាគតខាងមុខ។ លោកថា ការបណ្ដុះបណ្ដាលនៅពេលនេះ គឺពិតជាមានសារៈសំខាន់។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់ថា នៅចំពោះមុខនៃបញ្ហាប្រឈម តម្រូវឲ្យកងកម្លាំងដែលមានសមត្ថកិច្ចក្នុងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវមានសមត្ថភាព និងជំនាញបច្ចេកទេសខ្ពស់ក្នុងការបំពេញភារកិច្ច ព្រមជាមួយនេះផងដែរ ត្រូវមានភាពរហ័សរហួន និងឈ្លាសវៃក្នុងការកំណត់មុខសញ្ញា ដើម្បីធ្វើការបង្ក្រាប និងសង្គ្រោះក្នុងករណីដែលមានហេតុការផ្សេងៗកើតឡើង។

លោកបន្ដទៀតថា ការសិក្សានៅសាលាគ្រាន់តែជាការសិក្សាទ្រឹស្ដី និងបច្ចេកទេសមួយចំនួនដែលនឹងជួយផ្ដល់ចំណេះដឹង និងជំនាញសម្រាប់សិក្ខាកាមទាំងអស់អាចយកទៅប្រើប្រាស់ជាក់ស្ដែងនៅពេលបំពេញភារកិច្ចតែប៉ុណ្ណោះ។ ប៉ុន្ដែការអនុវត្តជាក់ស្ដែងក្នុងពេលបំពេញភារកិច្ច គឺតម្រូវឲ្យកងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រើនូវកម្លាំងកាយ ប្រាជ្ញា ស្មារតី និងភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមុខ។

ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ចាន់ ស៉ីថា ក៏បានចែករំលែកនូវមតិមួយចំនួន ក្នុងទិសដៅនៃការកសាងសមត្ថភាព និងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់កងកម្លាំងជាតិ ដូចខាងក្រោម៖

*ទី១៖ ត្រូវបន្ដខិតខំពង្រឹងនគរបាលជាតិគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលជាកម្លាំងអនុវត្តច្បាប់ឲ្យមានជំនាញវិជ្ជាជីវៈខ្ពស់ ជាមួយការគោរពឲ្យបានត្រឹមត្រូវនូវច្បាប់របស់រដ្ឋលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គោរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយត្រូវគោរពឲ្យម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រកាន់ខ្ជាប់នូវវិន័យសេចក្ដីថ្លៃថ្នូរ និងភាពស្អាតស្អំក្នុងការបម្រើប្រជាពលរដ្ឋ

*ទី២៖ ទន្ទឹមនឹងការជំរុញអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំថែមទៀត នូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងគោរពច្បាប់ សម្ដៅជំរុញឲ្យបានខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរយៈពេលវែងជាបន្ដទៀត និងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល

*ទី៣៖ ត្រូវដាក់ចេញវិធានការបង្ការ ទប់ស្កាត់ជាមុន និងចាត់ចែងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះហេតុការណ៍ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម អំពើហិង្សានានា ទំនាស់នៅក្នុងសង្គម ឬបាតុភាពបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងរាល់បទល្មើសទាំងឡាយ ទោះក្រោមរូបភាពណាក៏ដោយត្រូវខិតខំស្រាវជ្រាវរកឲ្យឃើញជនប្រព្រឹត្តដើម្បីនាំខ្លួនមកផ្ដន្ទាតោសតាមច្បាប់ជាធរមាន*ទី៤៖ បន្ដខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ។ ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ គឺសណ្ដាប់ធ្នាប់ចរាចរដែលនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្នុងចំណុចនេះ ត្រូវចូលរួមអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ឲ្យមានប្រសិទ្ធភាពខ្ពស់

*ទី៥៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តភារកិច្ចខាងលើ ត្រូវបន្ដធ្វើការកែទម្រង់នគរបាលជាតិឲ្យកាន់តែស៉ីជម្រៅ ដោយខិតខំបង្កើនការបណ្ដុះបណ្ដាល កសាងសមត្ថភាពកម្លាំងនគរបាលជាតិ នៅគ្រប់ថ្នាក់ដើរទន្ទឹមនឹងការលើកកម្ពស់មនសិកាវិជ្ជាជីវៈ ការគោរពវិន័យសីលធម៌ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាពរបស់កងកម្លាំងនគរបាលជាតិទាំងមូល ក្នុងការផ្ដល់សេវាសន្ដិសុខជូនប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយ ប្រកបដោយភាពស្មោះត្រង់រាក់ទាក់គ្រប់ទីកន្លែង និងទាន់ពេលវេលា

*ទី៦៖ ចំពោះការងារបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់មន្ដ្រីនគរបាលជាតិ សេនាធិការដ្ឋាន ត្រូវបន្ដកិច្ចសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធនានាដើម្បីរៀបចំកម្មវិធីសិក្សា និងខ្លឹមសារបង្ហាត់បង្រៀនឲ្យស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗរបស់សង្គមជាតិ ក្នុងនោះមុខវិជ្ជាបច្ចេកទេសព័ត៌មានវិទ្យា ក៏ដូចជាមុខវិជ្ជាសំខាន់មួយដែលត្រូវផ្ដោតការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងបំប៉នដល់កងកម្លាំងនគរបាលជាតិ សម្ដៅធ្វើយ៉ាងណាឲ្យមន្ដ្រីនគរបាល មានការអភិវឌ្ឍលើជំនាញបច្ចេកទេសគួបផ្សំនឹងសីលធម៌ គុណធម៌ ការគោរវិន័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស សាកសមជាអ្នកបម្រើប្រជាចន និងសង្គមជាតិដោយស្មោះត្រង់៕