(កោះកុង)៖ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរ ក៏មានបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន នៅតែបន្ដចាកចេញពីគណបក្សមួយនេះ ជាហូរហែរ ដោយខ្លរស់នៅជាពលរដ្ឋធម្មតា និងភាគច្រើនផ្សេងទៀត បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

ជាក់ស្តែងនៅស្រុកបរុមសាគរ ខេត្តកោះកុង មានបេក្ខជនឈរឈ្មោះបោះឆ្នោត និងអ្នកគាំទ្រគណបក្សភ្លើងទៀនសរុប៨នាក់ បានចាកចេញពីបក្សរបស់ខ្លួន ហើយបានស្ម័គ្រចិត្តចូលមករួមជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ហាក់ ឡេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបូទុមសាគរ បានបញ្ជាក់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានបេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកបក្សភ្លើងទៀនសរុប៨នាក់ បានស្ម័គ្រចិត្តលាលែងពីគណបក្សរបស់ពួកគេ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

បេក្ខជនទាំងនោះរួមមាន៖

*បេក្ខជនបម្រុងលេខរៀងទី៩ នៅឃុំតានូន
*បេក្ខជនបម្រុងលេខរៀងទី១០ នៅឃុំអណ្តូងទឹក
*បេក្ខជនបម្រុងលេខរៀងទី១៤ នៅឃុំតានូន រួមនឹងភ្នាក់របស់គណបក្សភ្លើងទៀតចំនួន៥នាក់ទៀតផងដែរ។

មិនខុសពីអ្នកមុនៗនោះទេ អ្នកទាំង៨នេះសុទ្ធតែបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញពីគណបក្សចាស់របស់ខ្លួន គឺដោយសារការអស់ជំនឿលើអ្នកដឹកនាំ ដែលមិនមានភាពច្បាស់លាស់ និងមិនបានជួយអ្វីដល់ជាតិ ព្រមទាំងប្រជាជននោះទេ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕