(ភ្នំពេញ)៖ ដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតឡើយ! ល្បិចកលរបស់ក្រុម សម រង្ស៉ី ក្នុងការដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន ក្នុងចេតនាកៀរគរកម្លាំងឱ្យគាំទ្រគណបក្ស ភ្លើងទៀនរបស់ខ្លួនត្រូវបានបកអាក្រាតបណ្តើរៗ។

ក្រុមសកម្មជនអតីតខ្មោចបក្សសង្គ្រោះជាតិដែលស្មោះស្ម័គ្រនឹងក្រុម កឹម សុខា បានចេញមុខបដិសេធការឃោសនាបោកប្រាស់ថា «គណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ» និងត្រូវបានចាត់ទុកថាជា «ពួកក្រុមអ្នកនយោបាយទុច្ចរិតនិងកេងប្រវ័ញ្ចនយោបាយដ៏ថោកទាប»។ ក្រុមអ្នក នយោបាយ ដែលរត់ទៅជ្រកក្រោមស្លាកគណបក្សភ្លើងទៀននេះ ក៏ត្រូវបានចាត់ទុកថាជា«ក្រុមបក្សប្រហារ»ដោយសារតែទណ្ឌិត សម រង្ស៉ី ស្ថាបនិកបក្សនេះ និងគេជឿថានៅតែជាអ្នកបញ្ជាសកម្មភាពនយោបាយបក្សភ្លើងទៀនរហូតមកទល់ពេលនេះ បានធ្វើបក្សប្រហារដើម្បីឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដណ្តើមតំណែងពីកឹម សុខា វិញ ក្រោយចាញ់បោសគូថខោរឿងលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិទាំងតក់ក្រហល់ ហើយឥឡូវនេះ បានក្បត់អតីតដៃគូខ្លួនរត់មកធ្វើនយោបាយនៅគណបក្សភ្លើង ទៀនដោយបោះបង់ កឹម សុខា ចោលមកបង្កើតបន្ទាយនយោបាយថ្មីមួយដែលក្រុម កឹម សុខា ហៅថាជាក្រុមបក្សប្រហារដែរ។

រឿងរ៉ាវនៃជម្លោះផ្ទៃក្នុងនិងការបែកបាក់គ្នាជាចំហររវាងសម្ព័ន្ធមិត្ត សម រង្ស៉ី និង កឹម សុខា ដែលផ្សំផ្គុំដោយជនបរទេសនេះវាមិនចម្លែកឡើយព្រោះនេះជារឿងដ៏សាមញ្ញ នៃការដណ្តើមផលប្រយោជន៍គ្នាក្នុងចំណោមអ្នកនយោបាយប្រឆាំងដែលយកនយោបាយមកធ្វើជាអាជីវកម្ម កេងចំណេញផលប្រយោជន៍ បោកប្រាស់ឆន្ទៈនិងការលះបង់របស់ប្រជាពលរដ្ឋ រ៉ៃអង្គាសប្រាក់ពីពលរដ្ឋដើម្បីធ្វើមានធ្វើបានខ្លួនឯង។ បច្ចុប្បន្ននេះ ក្រុមទណ្ឌិត សម រង្ស៉ី បាននិងកំពុងមានប្រៀបលើការកសាងកម្លាំងនយោបាយថ្មីមួយនៅលើប្រជាធិបតេយ្យសេរីពហុបក្សដ៏រស់រវើកនៅកម្ពុជា បានធ្វើឱ្យក្រុម កឹម សុខា អកហ្សឺនឹងភាពស្មោះត្រង់របស់ខ្លួនជាមួយស្មារតីនៃអតីតបក្សសង្គ្រោះជាតិ។ ប៉ុន្តែអ្វីៗហាក់ដូចជាបានជ្រុលក្បាលក្រពើរួចទៅហើយ ព្រោះកម្លាំងដែលស្និទ្ធនឹង ទណ្ឌិត សម រង្ស៉ី បានចូលដឹកនាំគណបក្សភ្លើងទៀន ដែលគេមើលឃើញថាក្រុមទណ្ឌិត សម រង្ស៉ី មិនដេកស៊ី និងរង់ចាំក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមនៃការរស់រានឡើងវិញ នៃខ្មោចបក្សសង្គ្រោះជាតិនោះឡើយ ហើយរឿងក្តីក្តាំអាំងដំរីរបស់ កឹម សុខា ក៏មិនដឹងថាចប់នៅពេលណា និងថាអាចរួចខ្លួនបានមកធ្វើនយោបាយដូចដើមវិញដែរឬទេ។ ដូច្នេះហើយ បានជាក្រុមទណ្ឌិតប្រើល្បិចកលក្នុងការលេបយកព្រលឹងខ្មោចបក្សសង្គ្រោះជាតិដើម្បីមកពង្រឹងបក្សភ្លើងទៀនរបស់ខ្លួនឱ្យមានកម្លាំងកំហែងឡើងវិញ តែត្រូវបានក្រុម កឹម សុខា ស្រែកបកអាក្រាតខ្មាសអស់ប្រជា។

អ្វីដែលក្រុមទណ្ឌិត សម រង្ស៉ី បាននិងកំពុងធ្វើ គឺជាការបង្ហាញយ៉ាងច្បាស់ថា សម រង្ស៉ី និង កឹម សុខា លែងជាមនុស្សតែមួយដូចពីមុនទៀតហើយ ហើយបក្សភ្លើងទៀន ក៏មិនមែនជាបក្សតែមួយជាមួយអតីតបក្សសង្គ្រោះជាតិដែរ កម្លាំងនៃអតីតបក្សសង្គ្រោះជាតិក៏បានបែកខ្ញែកគ្នាជាក្រុមតូចៗជាច្រើន ដែលបច្ចុប្បន្នបានចេញទៅបង្កើតគណបក្សជាច្រើនមានដូចជាគណបក្សកម្ពុជានិយមរបស់ យ៉ែម ប៊ុញ្ញាឫទ្ធិ គណបក្សឆន្ទៈខ្មែររបស់ គង់ ម៉ូនីកាជាដើម។ ទោះបីជាក្រុមទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង មូរ សុខហួរ ហូ វ៉ាន់ ព្យាយាមក្នុងការលាក់បាំង ថាខ្លួនមិនមានការពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន និងធ្វើសកម្ម ភាពចំហរក្នុងនាមខ្មោចបក្សសង្គ្រោះជាតិ តែវាពិតជាគ្មានអ្វីជាអាថ៌កំបាំងឡើយ ព្រោះទម្លាប់នៃការបំពានច្បាប់របស់ខ្លួនបាននិងកំពុងតែបង្ហាញក្រយ៉ៅពិត និងបំបែកអាថ៌កំបាំងនៅពីក្រោយឆាកគណបក្សភ្លើងទៀន។ សកម្មភាពទណ្ឌិតពាក់ព័ន្ធនឹងគណបក្សនយោបាយមួយ ដែលលទ្ធផលចុងក្រោយ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចនឹងធ្វើឱ្យគណបក្សនយោ បាយមួយរលាយបាន។ ភស្តុតាងជាបន្តបន្ទាប់បានបង្ហាញ យ៉ាងច្បាស់រាប់ទាំងពីការប្រើប្រាសទៀនភ្ជាប់ជាមួយសារនយោបាយ ក្រុមទណ្ឌិត អេង ឆៃអ៊ាង មូរ សុខហួរ និងអ្នកជាន់បំរាមនយោបាយផ្សេងទៀតធ្វើសកម្មភាពជួយឃោសនា គណបក្សភ្លើងទៀនជាដើម។ ការជួយឃោសនានេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរយៈអ្នកនាំពាក្យថាអាចនឹងមានការស៊ើបអង្កេតលើករណីនេះ។

ជាមួយគ្នានេះ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយ គឺសម រង្ស៉ី បានបញ្ជូនមនុស្ស ជំនិតរបស់ខ្លួនម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៉ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។ តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែល សម រង្ស៉ី ទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិលត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៉ី, និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។ វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។

ដូច្នេះពេលនេះ គេពិតជាបានដឹងច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយខ្នងគណបក្សភ្លើងទៀនពិតប្រាកដ ហើយអ្វីដែល ក្រុមទណ្ឌិត សម រង្ស៉ី ខំលាក់បាំងសាធារណមតិជាតិនិងអន្តរជាតិមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់ដែរ ដូចជាគ្មានអ្វីជាអាថ៌កំបាំងឡើយ។ ជាមួយនឹងសកម្មភាព និងភស្តុតាងមួយចំនួន គេជឿថា អាជ្ញាធរមានសមត្ថកិច្ចនឹងពិនិត្យករណីនេះ ហើយអនុវត្តច្បាប់ ដើម្បីការពារការបោះឆ្នោត និងប្រឆាំងដាច់ខាតចំពោះក្រុមជនទណ្ឌិត និងក្រុមជនដែលជាប់បំរាមនយោបាយដោយសារតែផែនការក្បត់ជាតិ និងបដិវត្តន៍ពណ៌ មិនឱ្យវិលត្រឡប់មកបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឡើយ រួមនឹងអង្គការចាត់តាំងនយោបាយទុច្ចរិត។ ជាមួយគ្នា យើងសង្ឃឹមនិងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនឹងពិចារណា ល្អិតល្អន់ក្នុងការផ្តល់សេចក្តីទុកចិត្តតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនទៅលើគណបក្សណាដែលមានមេដឹកនាំដែលមានភាពជា អ្នកដឹកនាំ ជាអ្នកការពារប្រជាជន រស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ចគ្រប់កាលៈទេសៈ ការសម្រេចចិត្តខុសមួយវិនាទី អាចនាំឱ្យអ្វីៗក្រឡាប់ចាក់បាន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២