(កំពង់ឆ្នាំង)៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនឹងសមាជិក សមាជិកា គណបក្សប្រជាជន ក្នុងឃុំកំពង់ហាវ ឃុំពោធិ៍ និងឃុំច្រណូក ក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង អមដំណើរដោយក្រុមការងារ ចុះជួយស្រុកកំពង់លែង បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាពស្ថេរភាព និងការរីកចម្រើន មកដល់សព្វថ្ងៃ។

លោកប្រធានគណៈកម្មាធិការ គណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង បានបន្តថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ គណបក្សប្រជាជនកម្ពុជាបានកសាងប្រទេសជាតិឡើងវិញ ពីបាតដៃទទេ ដែលកាលណោះ ដៃម្ខាងការពារប្រទេស និងដៃម្ខាងកសាងប្រទេស បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន និងមានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ បើគ្មានសុខសន្តិភាពទេ ប្រទេសជាតិក៏គ្មានការរីកចម្រើន និងគ្មានការកសាងដូចសព្វថ្ងៃនេះដែរ ហើយប្រជាពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច មិនអាចដើរហើធ្វើការរកស៊ីបានដូចសព្វថ្ងៃនេះឡើយ។

លោកបន្ដថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកនូវរបបប្រជាធិបតេយ្យពហុបក្ស ក្រោមប៉ាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំងនេះក៏ដោយសារក៏ដោយសារ នយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ និងទទួលបានមកវិញ នូវសុខសន្តិភាព សិទ្ឋសេរីភាព ប្រជាធិបតេយ្យ។ វីរភាពជាប្រវត្តិសាស្ត្រ ដែលខ្មែរគ្រប់រូប មិនអាចបំភ្លេចបានដែរនោះ គឺសម្ដេច សមអាចទប់ស្កាត់បាននូវជំងឺ-១៩ ជាជំងឺដ៏កាចសាហាវបើប្រៀបធៀបទៅនឹងប្រទេសជិតខាង ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាជនកម្ពុជា គឺមិនមានអ្នកឆ្លងជំងឺ-១៩នោះឡើយ។

ប្រធានគណៈកម្មាធិការ ក៏បានលើកឡើងនូវសមិទ្ធផលនានា នៃការរីកចម្រើនរបស់ស្រុកកំពង់លែង ដែលបានកសាងហេដ្ឋារចនា សម្ព័ន្ធ ផ្លូវថ្នល់ បានប្រែក្លាយពីផ្លូវរទេះក្លាយជាផ្លូវគ្រួសក្រហម ពីផ្លូវគ្រួសក្រហមក្លាយជាផ្លូវ កៅស៊ូ និងសមិទ្ធផលជាច្រើនទៀត ដូចជា៖ សាលារៀន សាលាបុណ្យ វត្តអារាម មណ្ឌលសុខភាព -ល-។ ជាមួយគ្នានេះដែរ លោកប្រធាន ក៏បានសូមអញ្ជើញបងប្អូនដែលមានអាយុគ្រប់ឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា៕