(ភ្នំពេញ)៖ ពេញមួយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ទាំងព្រឹក និងរសៀលនេះ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានបន្តចុះជួបជាមួយសមាជិកសមាជិកាគណបក្សប្រជាជនប្រមាណ៣២០នាក់ មកពីភូមិចំបក់មាស និងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ដោយបានលើកឡើងពីគុណតម្លៃមិនអាចកាច់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យសមាជិកទាំងអស់បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងឡើង។

ក្នុងជំនួបចាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាទាំង៣២០នាក់ លោក ឃ្លាំង ហួត បានលើកឡើងពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធភាព រហូតមិនមានអ្នកឆ្លងតទៀតក្នុងរយៈពេលជិត២០ថ្ងៃមកនេះ។

ជាមួយគ្នានេះលោកបានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា (ជាតិ សាសនា ព្រះមហាក្សត្រ) គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោកបានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។

នៅក្នុងឱកាសនោះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របេក្ខជនចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ ដើម្បីឲ្យពួកគាត់ បានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។

លោកប្រធានបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រយោល និងពិបាកប្រឆាំងជាងគេបំផុត។

លោក ឃ្លាំង ហួត ក៏មិនបានបំភ្លេចលើកឡើងពីសំឡេងរបស់សកម្មជន សមាជិក-សមាជិកគណបក្សប្រជាជន ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សប្រជាជន គឺសំខាន់ណាស់ក្នុងការផ្ដល់នូវតម្លៃសច្ចធម៌ប្រវត្តិសាស្ត្រ ពិសេសគឺជាកូនសោក្នុងការបន្តការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងជីវភាពសុខសាន្តតទៅមុខទៀត។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ននោះគឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ដែលធ្វើសាំង និងស្បៀងឡើងថ្លៃ បូករួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ទាំងនេះមិនមែនតែឡើងថ្លៃនៅកម្ពុជាឡើយ ប៉ុន្តែប្រទេសលើពិភពលោក ក៏ដូចជាប្រទេសក្បែរខាងយើងក៏បានឡើងថ្លៃដែរ ដូច្នេះសូមប្រជាពលរដ្ឋទទួលបានព័ត៌មាន និងយល់ដឹងឲ្យបានច្បាស់ ហើយកុំជឿតាមការឃោសនារបស់គណបក្សនយោបាយផ្សេងៗ គឺគ្រាន់តែជាការបោកប្រាស់ ដើម្បីចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ។

ជាចុងក្រោយ សមាជិកសមាជិកាគណបក្សប្រជាជនទាំង៣២០នាក់ បានលើកដៃប្រកាសបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី៥ ខែមិថុនា ខាងមុខដើម្បីឲ្យគណបក្សប្រជាជ និយាយជារួម និងនិយាយដោយឡែកចៅសង្កាត់ គណបក្សប្រជាជនអាចដឹកនាំមូលដ្ឋានបានទៀត៕