(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

តាមរយៈសារលិខិត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏មហាជ័យមង្គល នៃបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ខ្ញុំសូមសម្ដែង នូវមនោសញ្ចេតនារីករាយយ៉ាងកក់ក្តៅបំផុតដោយសូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរដ៏ថ្លៃថ្លាជូន សម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ»

ខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែងចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងការរួមចំណែកសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានភាពសម្បូរ សប្បាយ រុងរឿងជាបន្តបន្ទាប់ ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងមហាសុខសន្តិភាពស្ថិរភាព។ ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមនាពេលបច្ចុប្បន្នជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការទូតសភា និងបានដឹកនាំធ្វើឱ្យសម្រេចបាននូវការងារយ៉ាងច្រើនសំដៅជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុ ការពរជ័យជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់របស់សម្តេច សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ គោរពាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ និងភរិយា»៕