(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៨៨ឆ្នាំ ឈានចូល៨៩ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្ដែងនូវទឹកចិត្តសោមនស្សរីករាយឥតឧបមា និងចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេច អគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និង ជន្មាយុយឺនយូរតរៀងទៅ។

សម្តេចតេជោ បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាតែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការគោរពដឹង គុណយ៉ាងស្មោះអស់ពីដួងចិត្តនូវឆន្ទៈ និងសកម្មភាពស្នេហាជាតិ និងប្រជាជនដ៏មោះមុតបំផុតរបស់ សម្តេច អគ្គមហាពញាចក្រី ដែលជានិច្ចកាលបានខិតខំតស៊ូលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ មនុស្ស យុត្តិធម៌សង្គម និងសមត្ថភាពស្ថាប័ន ព្រមទាំងលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងកសាងសមិទ្ធផលសង្គមយ៉ាងច្រើនអនេក ដើម្បីបន្តអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទីស្រឡាញ់នៃយើងឱ្យ រឹងរឹតតែមានវឌ្ឍនភាពជឿនលឿនខ្លាំងក្លាថែមទៀតដូចអរិយប្រទេស។

សម្តេចបានបន្តទៀតថា ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលប្រពៃថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្ល វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមកិរិណទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕