(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP។

នៅក្នុងសេចក្តីថ្លែងការណ៍ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចាំបាច់ នៃហិរញ្ញប្បទាន ដើម្បីជំរុញដល់ការស្តារឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន ដែលមានកំណត់របស់ខ្លួន និងធានាឲ្យបាននូវចីរភាព នៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា ការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។

ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជំរុញឲ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕