(ភ្នំពេញ)៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ការឃោសនាបោះឆ្នោតមានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំសង្កាត់ដល់អ្នកបោះឆ្នោត។

ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ផ្អែកតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង នៃការចាប់ផ្តើមយុទ្ធនាការនេះ ដោយមានការសម្របសម្រួល និងផ្តល់កិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព ស្របតាមកម្មវិធីដែលបានកំណត់ និងក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានកត់សម្គាល់ឃើញនូវសកម្មភាពមិនត្រឹមត្រូវមួយចំនួនរបស់គណបក្សនយោបាយ ដែលអាចនាំឱ្យបំពានលើបទប្បញ្ញត្តិ នៃ ច.ប.ឃ.ស និង ប.ន.ឃ.ស។

ដើម្បីបង្កលក្ខណៈឱ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅកាន់តែរលូន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន គ.ជ.ប សូមធ្វើការណែនាំដល់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ដូចខាងក្រោម៖

*ទី១៖ មិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោបាយដែលមានលក្ខណៈជេរប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជន ឈរឈ្មោះ ឬញុះញង់ឱ្យមានការរើសអើង ឬបញ្ឆេះកំហឹង ឬធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតតាមគ្រប់មធ្យោបាយ។ ជនណា ឬគណបក្សនយោបាយណាដែល បានប្រព្រឹត្តបំពានលើបទប្បញ្ញត្តិនៃ ច.ប.ឃ.ស និង ប.ន.ឃ.ស ត្រូវទទួលពិន័យតាមច្បាប់ជាធរមាន។

*ទី២៖ មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខារ ឬមធ្យោបាយផ្សេងៗ។

*ទី៣៖ មិនត្រូវលើកស្លាក ឬបដាកាត់ទទឹងថ្នល់ ឬប្រើប្រាស់សម្ភារ ឯកសារដែលផ្ទុយនឹងស្មារតីច្បាប់ ឬ/និងដែលត្រូវបានហាមឃាត់ដោយ គ.ជ.ប។

*ទី៤៖ ត្រូវជូនដំណឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៣ថ្ងៃ មុនថ្ងៃធ្វើការហែក្បួនឃោសនា និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរ។

*ទី៥៖ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងធានាបាននូវបរិយាកាសនយោបាយមានការវិវឌ្ឍល្អទាំងមុន និងក្រោយការបោះឆ្នោត៕