(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញមកបដិសេធទាំងស្រុងចំពោះការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបានចោទប្រកាន់មកលើអាជ្ញាធរក្រុងតាខ្មៅថា បានរារាំងក្បួនឃោសនារបស់គណបក្សភ្លើងទៀន ពេលហែរចូលផ្សារក្រុងតាខ្មៅថ្មី ផ្សារក្រុងតាខ្មៅចាស់ និងកន្លែងទីប្រជុំជនដែលមានមនុស្សច្រើននៅថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។

តាមរយៈលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាល បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុ RFA Khmer នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងចាត់ទុកទង្វើនេះជាការញុះញង់ បំភ្លៃខុសការពិតទាំងស្រុង ធ្វើឱ្យសាធារណជន មានការយល់ច្រឡំ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងការអនុវត្តតួនាទីភារកិច្ចរបស់អជ្ញាធរមានសមត្ថកិច្ច។

ករណីនេះ រដ្ឋបាលខេត្តកណ្តាល សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានស្នើសុំកំណត់ទីតាំងហាមឃាត់ធ្វើសកម្មភាពឃោសនាការបោះឆ្នោត របស់គណបក្សនយោបាយក្នុងក្រុងតាខ្មៅ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ការចេញមកបកស្រាយ និងបដិសេធរបស់រដ្ឋបាលខេត្តកណ្តាល បានកើតឡើង ដោយសារតែកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រុមសកម្មជនគណបក្សភ្លើងទៀន បានដង្ហែក្បួនបំពានលក្ខន្តិកៈ របស់ គ.ជ.ប ដែលបានកំណត់ ពោលពួកគេបានហែរក្បួនឃោសនាចូលកន្លែងដែលអាជ្ញាធរ និង គ.ជ.ប ហាមឃាត់។

អាជ្ញាធរបានចាត់ទុកថា ទង្វើនេះត្រូវបានសាធារណជនមានការមិនសប្បាយចិត្ត និងរិះគន់ថាជាទង្វើដែលប្រកបដោយអវិជ្ជា ពិសេសថែមទាំងព្យាយាមវែកញែករកត្រូវរកខុសចំពោះអាជ្ញាធរមានសមត្ថកិច្ចថែមទៀត ដែលបានបង្កលក្ខណៈស្មុគស្មាញបញ្ហាយ៉ាងច្រើននៅតាមទីតាំងទាំងនោះ បណ្ដាលឱ្យក្រុមអាជីវករ និងមហាជនមិនសប្បាយចិត្ត ព្រោះលក់មិនដាច់ សម្បូរមនុស្សរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងថា ដើម្បីឱ្យដំណើរការឃោសនារកសម្លេងឆ្នោត យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយទាំងអស់ល្អប្រសើរ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ នោះ រដ្ឋបាលខេត្តបានកំណត់ទីតាំងតាមឃាត់ការដង្ហែក្បួនឃោសនា និងការប្រមូលផ្ដុំតាមផ្លូវ និងទីតាំងរួមមាន៖

*ទី១៖ បរិវេណជុំវិញផ្សារក្រុងតាខ្មៅចាស់ (ផ្លូវលេខ១០៣)
*ទី២៖ សួនច្បារមាត់ស្ទឹងព្រែកត្នោតក្រុងតាខ្មៅ (ផ្លូវលេខ១០២)
*ទី៣៖ បរិវេណជុំវិញពន្ធនាគារខេត្ត
*ទី៤៖ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង។

លិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក៏ត្រូវបានផ្ញើជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងត្រូវបានធ្វើការផ្សព្វផ្សាយជូនគ្រប់គណបក្សនយោបាយមូលដ្ឋានខេត្ត។ ចំពោះការហាមឃាត់ទីតាំងខាងលើនេះ រដ្ឋបាលខេត្ត ត្រូវធ្វើឡើងគ្រប់គណបក្សនយោបាយទាំងអស់ មិនថាតែគណបក្សភ្លើងទៀននោះទេ។

ផ្ទុយពីការលើកឡើងនេះ រដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួមឃោសនាក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ អំពីការបើកទីស្នាក់ការគណបក្សនយោបាយ អំពីការលើកស្លាកសញ្ញាគណបក្ស អំពីការជួបប្រជុំនយោបាយ ឬជួបប្រជុំមន្ត្រីគណបក្ស។

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រុមសកម្មជនគណបក្សភ្លើងទៀន បានធ្វើការដង្ហែក្បួនរបស់ពួកគេដោយមានមនុស្សចូលរួមយ៉ាងច្រើន ដោយបានបំពានទៅលើលក្ខន្តិកៈនៃការហែក្បួនដែលត្រូវបានកំណត់រួច ដែលទង្វើនេះត្រូវបានសាធារណជនមានការមិនសប្បាយចិត្ត និងរិះគន់ដល់ទង្វើប្រកបដោយអវិជ្ជា ជាពិសេសមិនត្រឹមតែបំពាននោះទេ ថែមទាំងព្យាយាមវែកញែករកត្រូវរកខុសចំពោះអាជ្ញាធរមានសមត្ថកិច្ចថែមទៀត ដែលបានបង្កលក្ខណៈស្មុគស្មាញ បង្កើតបញ្ហាយ៉ាងច្រើននៅទីតាំង ដែលបណ្ដាលឱ្យក្រុមអាជីវករ និងមហាជនមានការមិនសប្បាយចិត្ត ព្រោះលក់មិនដាច់សម្បូរមនុស្សរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។

ទង្វើនេះត្រូវបានមហាជននៅក្រុងតាខ្មៅ បានចាត់ទុកថាជាទង្វើដែលមិនសមប្រកបជាមនុស្សមានចំណេះដឹងនោះទេ បើគ្រាន់តែហែរគណបក្ស បង្កលក្ខណៈការលំបាកដល់សាធារណៈបែបនេះទៅហើយ ចុះទម្រាំតែបានជាប់ឆ្នោតទៅទៀតតើបង្កើតឱ្យមានភាពចលាចលយ៉ាងណាទៅ?។

មហាជនរិញគន់ទៀតថា ទាំងនេះស្ដែងចេញឱ្យឃើញពីបុគ្គលិកលក្ខណៈអត្តចរិក ច្រងេងច្រងាង អសីលធម៌ អវិជ្ជារបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដែលបានបង្កើតឱ្យមានភាពចលាចល បង្កើតឱ្យមានការផ្សាយនូវព័ត៌មានបំផ្លើសការពិត បង្កើតឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងក្រុងតាខ្មៅ ក្នុងគោលបំណងទុច្ចរិត ដែលទាំងនេះមិនសាកសមជាអ្នកនយោបាយដែលមានបេះដូងស្នេហាជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជននោះទេ ដោយពួកគេធ្វើអ្វីៗគ្រប់យ៉ាងមិនថាត្រូវច្បាប់ ឬខុសច្បាប់ឡើយឱ្យតែបានបង្កភាពអាណាធិបតេយ្យ និងបង្កើតឱ្យមានព័ត៌មានផ្សាយបំភ្លៃការពិតតែប៉ុណ្ណោះ៕