(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍» នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានបន្តអញ្ជើញទទួលថវិកា ជំហាន៣ ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្ត បានចំនួន៣៣,៩៧០,០០០រៀល និង៥,៥០០ដុល្លារ ដែលពិធីនេះប្រារព្ធធ្វើនៅស្នាក់ការសាខា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ ក៏ដូចបណ្តាឆ្នាំកន្លងមក លោក លោកស្រី អ្នកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្រ និងបរិច្ចាគថវិកា ទៅតាមលទ្ធភាព ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ បន្តពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ទៅតាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាក់ស្តែងដូចថ្ងៃនេះ គឺជាជំហាន៣ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំទទួលថវិកា ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្ត បានចំនួន៣៣,៩៧០,០០០រៀល និង៥,៥០០ដុល្លារ ក្នុងនោះ «លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង ៥ពាន់ដុល្លារ, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត១០លានរៀល, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៨លានរៀល, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ៥លាន២០ម៉ឺនរៀល, មន្ទីរព័ត៌មានខេត្ត ២លានរៀល, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ១លានរៀល, ពន្ធនាគារខេត្ត ៥០ម៉ឺនរៀល, លោកស្រី ឌី ភាច ២លានរៀល, លោកស្រី ឡេង គឹមខេង ២លានរៀល, លោក ចាំង គនម៉េង និងលោកស្រី ភូ ធីតា ៥០០ដុល្លារ, លោកស្រី តាន់ ភិចហួង ១លាន២០ម៉ឺនរៀល, លោក ជិន លាងគី និងលោកស្រី ភូ វណ្ណា ១លានរៀល, លោកស្រី សេង ហឿន នៅសហរដ្ឋអាមេរិក ២០ម៉ឺនរៀល, លោក ឈីន សក្តា និងលោកស្រី ឈុន លក្ខិណា ១០ម៉ឺនរៀល, លោកស្រី ផែន សុផាន់ណា និងស្វាមី ១០ម៉ឺនរៀល, គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុអម្រឹត ៥ម៉ឺនរៀល និងក្រុមមន្ត្រីប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត ៨០ម៉ឺនរៀល»

ក្នុងនាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី គ្រប់មន្ទីរ អង្គភាព សប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបលើកទី១៥៩ ដើម្បីឱ្យសាខាមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា។ លោកបានថ្លែងជម្រាបជូនថា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សន្យាយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

សូមបញ្ជាក់ថា ការប្រគល់ទទួលថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ត្រូវបានប្រារព្ធធ្វើ៣ជំហានរួចមកហើយ គឺជំហានទី១ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចំនួន២៩លានរៀល និង៥២,៨០០ដុល្លារ, ជំហានទី២ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានចំនួន៣៥,២១៥,០០០រៀល និង១៦,៨០០ដុល្លារ និងជំហានទី៣នេះ បានចំនួន៣៣,៩៧០,០០០រៀល និង៥,៥០០ដុល្លារ៕