(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២២ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ ២០២២ រួចមកឃើញថា ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២២ បាតុភូតអែនសូ (ENSO Neutral) មានពី២០% ទៅ៥០% បាតុភូតឡានីណា (La Nina) មានពី៥០% ទៅ៨០% និងបាតុភូតអែលនីញូ (El Nino) មាន ០%។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរនៅដើមរដូវវស្សា, អាចមានពីបង្គួរទៅច្រើននៅពាក់កណ្តាលរដូវវស្សា និងអាចមានពីមធ្យមទៅបង្គួរនៅចុងរដូវវស្សា ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ ២០២២ នេះមក មានស្ថានភាព ដូចខាងក្រោម៖

* ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៥៣ ម៉ែត្រ
* ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៧២ ម៉ែត្រ
* ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,២១ ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៦៤ ម៉ែត្រ
* រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករា ដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ដល់ទៅ១,១០ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,២៨ ម៉ែត្រ
* ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ចាប់ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,៥០ ម៉ែត្រ ទៅ ០,៩០ ម៉ែត្រ ប៉ុន្តែចាប់ពីខែមេសា ដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួចប្រមាណ ០,០៨ ម៉ែត្រ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២២ នេះ នៅទន្លេមេគង្គផ្នែកខាងលើ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែល នឹងខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមក។ រីឯទឹកនៅបឹងទន្លេសាប ក៏ខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមកដែរ។

សម្រាប់ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២ យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២២នេះ ទឹកអាចនឹងមានកម្ពស់ ៩,៦៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕