(រតនគិរី)៖ លោក ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកូនមុំ បានជំរុញលើកទឹកចិត្ត ឱ្យសមាជិកសមាជិកា-បក្សប្រជាជនត្រូវខិតខំកៀរគរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះឱ្យបានគ្រប់គ្នា។

ការជំរុញដល់សមាជិកបក្សយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក សេក ហៃ ប្រធានគណៈកម្មាធិការបក្សស្រុកកូនមុំ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសិរីមង្គល និងបេក្ខជនជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥។

នាឱកាសនោះ លោក ម៉ុម សារឿន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ។

បន្ថែមលើនេះ លោក ម៉ុម សារឿន ក៏បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូនមិត្តភក្តិឪពុកម្តាយទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ឲ្យបានគ្រប់ៗគ្នាដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាឆ្នោតជ្រើសរើសជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះមានរយៈពេល២សប្តាហ៍ដោយចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មានបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជនផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕