(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា សភាពការណ៍ទូទៅសម្រាប់ថ្ងៃទី៤ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការសង្កេតឃើញថា ការឃោសនាបោះឆ្នោតថ្ងៃទីបួននេះ នៅតាមបណ្ដាខេត្តមួយចំនួន មានការហែក្បួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនៃការជួបប្រជុំ ការចែកខិត្តប័ណ្ណតាមផ្ទះ ការចាក់មេក្រូផ្សព្វផ្សាយ គឺនៅតែផុលផុស។ ជាក់ស្ដែងនៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចែកខិត្តប័ណ្ណក្នុងឃុំ សង្កាត់ទាំង១២៧ មានអ្នកចូលរួមចំនួន ៤,០៤០នាក់ ការជួបប្រជុំនៅទីស្នាក់ការគណបក្សដែលមានអ្នកចូលរួមប្រមាណ ១២,១២០នាក់ និងការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួមប្រមាណ ១៥,១៥០នាក់។

ដោយឡែកគណបក្សភ្លើងទៀន បានធ្វើការហែក្បួនឃោសនាក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ ព្រមទាំងបានធ្វើការចែកខិត្តប័ណ្ណ ក្នុងឃុំ សង្កាត់ទាំង១២៧ ដែលមានអ្នកចូលរួមប្រមាណ ៨៧៩នាក់ ការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួម ៦៧៥នាក់ រីឯគណបក្សនយោបាយផ្សេងទៀតធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះ នៅខេត្តសៀមរាប គណបក្សភ្លើងទៀន បានធ្វើការហែក្បួននៅតាមឃុំ សង្កាត់ចំនួន១១ មានអ្នកចូលរួមប្រមាណ ៥,៥៦០នាក់។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕