(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្រើងទាំងមូល សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំស្រើង ដែលមានលេខរៀងទី០១ ដើម្បីទទួលបានភាពសុខសាន្ត និងការអភិវឌ្ឍន៍តទៅទៀត។

លោកអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកចូលរួមដឹកនាំពិធីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្ថិតនៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃទី៥នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី លោក ញ៉ឹក បានខេង អភិបាលរងខេត្ត ព្រមទាំងសមាជិកសមាជិកាជាង៧០០នាក់ ។

លោក ឈុន ឈន់ សំណូមពរក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍភូមិឃុំ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់យល់ពីទឹកចិត្តសន្ដោសប្រណីនឹងក្តីនឹករឭកចំពោះបងប្អូនទាំងអស់។

លោកក៏បានបន្តទៀតថា សូមសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូន មិត្តភត្តិ ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ ជាបេក្ខជនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ចុងក្រោយរបស់លោក ឈុន ឈន់ ដោយពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឱ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោតនិងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត៕