(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលការចោទប្រកាន់ទាំងឡាយរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល នៅពេលដែលកម្លាំងនគរបាលចេញ រក្សាសណ្តាប់ធ្នាប់ និងរក្សាសន្តិសុខ នៅពេលដែលពួកគេបានធ្វើការប្រមូលផ្តុំដោយខុសច្បាប់។

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលក្រុមបាតុករខុសច្បាប់ តែងតែ រៀបចំផែនការបង្កហេតុ ដើម្បីឆ្លៀតឱកាសបង្កហិង្សាមកលើមន្ត្រីអនុវត្តច្បាប់។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ «ចាប់តាំងពីថ្ងៃក្រុមទាំងនេះចាប់ផ្តើមធ្វើបាតុកម្មដោយខុសច្បាប់ គ្មានច្បាប់អនុញ្ញាត សមត្ថកិច្ចទាំងអស់ត្រឹមតែអនុវត្តការងាររបស់ខ្លួ នក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចៀសវាង និងទប់ស្កាត់បាតុភាពអាក្រក់ណាមួយដែលអាចកើតមានឡើង និងអាចបណ្តាលឱ្យមានការប៉ះពាល់ដល់សន្តិសុខសង្គម ជាតិផងដែរ»

ម្យ៉ាងវិញទៀតក្នុងការបំពេញតួនាទីភារកិច្ចនេះ សមត្ថកិច្ចតែងតែអនុវត្តការងារដោយសន្តិវិធី ត្រឹមតែចាប់ដៃគ្នា ជារង្វង់ ដើម្បីឱ្យក្រុមបាតុករខុសច្បាប់ទាំងនោះឡើងលើរថយន្តតាមការណែនាំ របស់មន្ត្រីតាមសម្រួល ប៉ុន្តែផ្ទុយទៅវិញ ក្រុមបាតុករខុសច្បាប់ទាំងនោះ មិនស្តាប់តាមការណែនាំ បែរជាមកអង្គុយលើផ្លូវឡើងរថយន្តក្រុង ដែលបង្កឲ្យមានផលលំបាក ហើយនៅពេលសមត្ថកិច្ចលើកគាត់ចូល ក្រុមគាត់ព្យាយាមថតរូបហើយចោទថា សមត្ថកិច្ចប្រើអំពើហិង្សាទៅវិញ។

សកម្មភាពទាំងនេះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកថា ជាល្បិចកលអាក្រក់ដែលក្រុមនេះ តែងតែមានចេតនាបង្កើតហេតុការណ៍ ដោយបានរុញច្រាន ជេរប្រមាទមើលងាយ ប្រើប្រាស់អាកប្បកិរិយា អសីលធម៌ ជាពិសេសថែមទាំងរកឱកាសបង្កហិង្សាជាច្រើនលើកច្រើនសារមកលើមន្ត្រីនគរបាល ដែលជាអ្នកអនុវត្តច្បាប់ ផងដែរ៕