(ព្រះវិហារ)៖ លោក សុខ សាន្តរារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឆែប ខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿឱ្យសោះតាមការដើរខ្សឹប និងសន្យាបោកប្រាស់របស់គណបក្ស នយោបាយមួយចំនួន ក្នុងរដូវឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ពោលត្រូវជឿលើអ្វីដែលបានឃើញជាក់ស្តែង។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមភូមិមួយចំនួនក្នុងឃុំឆែបពីរ ស្រុកឆែប នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក សុខ សាន្តតារ៉ា បានថ្លែងប្រាប់សាមាជិក និងប្រជាពលរដ្ឋថា «កុំឱ្យជឿតាមការដើរខ្សឹប និងការដើរសន្យាបោកប្រាស់របស់គណបក្សនយោបាយមួយចំនួន នារដូវឃោសនានេះ»

លោកថ្លែងបញ្ជាក់ថា ជាទូទៅការសន្យាវាមិនពិបាកទេ ព្រោះគ្រាន់តែថាឱ្យរួចពីមាត់ តែការដែលពិបាកបំផុតនោះគឺការធ្វើ អញ្ចឹងហើយបានដូចជាពាក្សចាស់តែងនិយាយលែងសើចថា អ្នកថា អ្នកសន្យា មិនដែលខុសទេ អ្នកខុសពិតប្រាកដគឺអ្នកធ្វើប៉ុណ្ណោះ ដែលចំណុចនេះហើយ លោកអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចេះគិតពិចារណាថ្លឹងថ្លែងឱ្យបានវែងឆ្ងាយ ពិសេសកុំជឿតាមការខ្សឹប និងការសន្យាបោកប្រាស់នោះឱ្យសោះ។

លោក សុខ សាន្តតារ៉ា បានថ្លែងលើកឡើងនូវប្រសាសន៍របស់លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដែលតែងនិយាយប្រាប់ប្រជាពលរដ្ឋថា៖ «ស៊ូហូបកំំពិសដែលមាននៅក្នុងចានស្រាប់ ប្រសើរជាងហូបបង្កងដែលគេសន្យានឹងចុះទៅចាប់ក្នុងទឹកយកមកឱ្យ»

ន័យនេះលោកថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស មិនដែលសន្យាអ្វីជាមួយពលរដ្ឋនោះទេ តែសុខសន្តិភាព និងការអភិវឌ្ឍន៍មានជារៀងរហូតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ដូច្នេះនាំគ្នាហូបកំពិសដែលមានក្នុងចានទៅ មិនចាំបាច់ចាំហូបបង្កងនៅក្នុងទឹកដែលគេសន្យាថានឹងទៅចាប់ឱ្យនោះទេ។

លោកប្រធានគណបក្សប្រជាជនស្រុកឆែប បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បោះជូនគណបក្ស ប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ»