(បាត់ដំបង)៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ថវិកាពីការបរិច្ចាគពីសំណាក់សប្បុរសជននានាចំនួន ៨១,៤៨៣.៥០ដុល្លារ ប្រាក់រៀលចំនួន ៤៤៨,០០២,១០០រៀល និងមីចំនួន ៥០០កេស ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង និងមានការអញ្ចើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងសប្បុរសជនជាច្រើនរូប។

លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរាយការណ៍អំពីលទ្ធផលសកម្មភាពការងារ រយៈពេល ៥ខែ ឆ្នាំ២០២២មកនេះ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ៥០លើក ស្មើ៣,៥៨៩គ្រួសារ លើភូមិចំនួន ៥៥២ភូមិ ឃុំចំនួន ២២២ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១៤ ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយចំនួន ៤៦គ្រួសារ ភ្លើងឆេះផ្ទះ១៣ខ្នងផ្ទះ ចូលរួមបុណ្យសព ៤នាក់ ក្នុងនោះរន្ទះបាញ់ស្លាប់២នាក់ ជនមានពិការភាព ១៤៦នាក់ និងការងារថែទាំសុខភាពក្នុងសហគមន៍រួមមានគ្រួសារក្រីក្រ ២,៩២២គ្រួសារ ស្ត្រីមេម៉ាយ ៣៣នាក់ ចាស់ជរាឥតទីពឹង ៣១៨នាក់ អ្នកមានជំងឺ ៣៤នាក់ ស្រ្តីសម្រាលកូន និងមានផ្ទៃពោះ ៥០នាក់ អ្នករស់នៅជាមួយមេរោងអេដសចំំនួន ៦នាក់ ជំងឺអេដស៍ចំនួន១៥នាក់ កុមាកំព្រា ៨នាក់ និងឧបទ្ទវហេតុផ្សេងៗផងដែរ។

ក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់នៅក្នុងខេត្តបាត់ដំបង ដែលបានអនុវត្តយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលគាត់ជួបនូវបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់គាត់។

ប្រធានបានបន្តថា ក្នុងនាមគណៈកិត្តិយសសាខា ដែលមានលោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសាខាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង សប្បុរសជនជិតឆ្ងាយទាំងអស់ដែលបាន ចំណាយនៅថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយនឹងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តការងារមនុស្សធម៌នេះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ជួបនូវគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។

ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក សុខ លូ បានប្តេជ្ញាចំពោះមុខសប្បុរសជនថា និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដល់សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមអំពាវនាវសម្តេច លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបន្តពង្រឹងភាពធន់សហគមន៍៕