(បន្ទាយមានជ័យ)៖ បើទោះបីកំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក្ដី បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ របស់គណបក្សភ្លើងទៀន នៅតែបន្ដចាកចេញពីគណបក្សមួយនេះជាហូរហែរ ហើយគ្មានអ្វីក្រៅពីមកសុំ រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះទេ។

ជាក់ស្ដែងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាចំនួន៣រូបបន្ថែមទៀត នៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានសម្រេចិត្តចាកចេញពីគណបក្សភ្លើងទៀន។ បន្ទាប់ពីដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ ក៏ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

អតីតបេក្ខជនគណបក្សភ្លើងទៀនទាំង៣រូបនេះ រួមមាន៖

*ទី១៖ ឈ្មោះ យ៉ោត កើត បេក្ខភាពលេខរៀងទី០៦
*ទី២៖ ឈ្មោះ ឈិន ទ្រិន បេក្ខជនលេខរៀងទី០៩
*ទី៣៖ ឈ្មោះ យាម ជា បេក្ខភាពលេខរៀងទី១៥។

មិនខុសពីអ្នកមុនៗនោះទេ អ្នកទាំង៣នេះសុទ្ធតែបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញពីគណបក្សចាស់របស់ខ្លួន គឺដោយសារការអស់ជំនឿលើអ្នកដឹកនាំ ដែលមិនមានភាពច្បាស់លាស់ និងមិនបានជួយអ្វីដល់ជាតិ ព្រមទាំងប្រជាជននោះទេ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕