(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបសួរដេញដោលតំណាងរាជរដ្ឋាភិបាល ពាក់ព័ន្ធការធ្វើវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការធ្វើវិសោធនកម្ម ឬកែប្រែលើមាត្រានេះ គឺបើកផ្លូវឱ្យមានការបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់ Fresh News ថា យោងទៅតាមបញ្ញត្តិមាត្រា២១ នៃច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ គឺអនុញ្ញាតឱ្យក្រុមប្រឹក្សាធម្មនុញ្ញកោះហៅអ្នកពាក់ព័ន្ធទាំងអស់ចូលខ្លួនបំភ្លឺលើការធ្វើច្បាប់ ឬកែប្រែច្បាប់ណាមួយ នៅពេលមានសំណើពិនិត្យផ្តល់ធម្មនុញ្ញភាពពីសភា។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលដែលចូលទៅបំភ្លឺលើការធ្វើវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកមិញនេះ ដឹកនាំដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលជាក្រសួងសាមីក្នុងការតាក់តែងច្បាប់នេះ។

បើតាមអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងជំនួបនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានជជីកសួរពីគោលបំណង និងភាពចាំបាច់ទាំងឡាយ ដែលនាំឱ្យធ្វើវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឆ្លើយតបនឹងសំណួរនេះ លោក សក់ សេដ្ឋា បានលើកឡើងថា ការដំឡើងចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត។ លោកបន្តថា ការពង្រឹងស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារសំខាន់ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានថាមភាព និងសក្ដានុពលក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

លោក សក់ សេដ្ឋា បានគូសបញ្ជាក់ដូច្នេះ «វិសោធនកម្មមាត្រា១៤០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន»

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់ ឬមិនផ្តល់ ធម្មនុញ្ញភាពលើច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ។

សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរាជរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០១ ខែមេសា ហើយត្រូវបានរដ្ឋសភាយកមកពិនិត្យ និងអនុម័តកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ។ វិសោធនកម្មលើមាត្រា១៤០ គឺបានបើកផ្លូវឱ្យបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន។

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ ក្នុងមាត្រា១៤០ចាស់ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

* គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន៧រូប។
* គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។
* គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពី ៣រូប ទៅ ៥រូប។
* ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែកមាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម បានបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

* គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។
* គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ១១រូប។
* គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។

ច្បាប់នេះ ត្រូវបានរៀបចំ និងអនុម័តដាក់ឱ្យប្រើសំដៅធានា និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាលកិច្ច ការផ្ទេរមុខងារនិងធនធាន ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។

ការអនុវត្តរយៈពេលប្រមាណ ១៤ឆ្នាំកន្លងទៅនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕