(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបង្ក្រាបជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពលួចសម្ភារយ៉ាងសកម្មក្នុងរោងចក្រ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានករណីគាស់រោងចក្រ Wing Star Shoes Co.Ltd ស្ថិតនៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យចំនួន០៤នាក់ បានចូលគាស់បង្អូចឃ្លាំងរោងចក្រខាងលើ លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេស ស្មើ៣៩៤គូ និងប្រាក់ចំនួន ៤០០,០០០រៀល។

ក្រោយពីទទួលពាក្យបណ្តឹងពី ក្រុមហ៊ុនសន្តិសុខឯកជន ហ្វ័រត្រាស និងជាតំណាង រោងចក្រខាងលើ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចាត់កម្លាំងស៊ើបអង្កេតដឹកនាំលោកវរសេនីយ៍ឯក ស៊ិន សុផល នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងបានស្នើសុំការអនុញ្ញាតពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរលំនៅដ្ឋានលេខ១១០ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កោ បានរកឃើញស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើងដែលបានបាត់ចំនួន ១៤៩គូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ប៉ាក លី ហៅចាន់ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់, ទី២៖ ឈ្មោះ លេង វិចិត្រ អាយុ៣៣ឆ្នាំ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារ) និងទី៣៖ ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី (អ្នកទទួលផលចោរកម្ម)។

ចំណែកឯបក្ខពួក០២នាក់ទៀតរត់គេចខ្លួន កំពុងបន្តស្វែងរកចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕