(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល «សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់»។

តាមសេចក្តីប្រកាសរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ពិធីនេះធ្វើឡើងនៅវេលាម៉ោង០៩៖០០នាទីព្រឹក នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

«សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់» ដែលរៀបចំឡើងដោយ មានការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា គឺជាគោលការណ៍ណែនាំបំពេញបន្ថែមនូវ វិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា, មានភាពចាំបាច់សម្រាប់ផ្សព្វផ្សាយដល់កម្មករ និយោជិត ក្រុមហ៊ុនសិក្សាតម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នៅតាមការដ្ឋានសំណង់ និងដែលអាចបង្កផលប៉ះពាល់ដល់សុខភាព អាយុជីវិត និងផែនការនៃតម្រោងសាងសង់។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាមួយនឹងការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណូមពរដល់គ្រប់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាព នៅក្នុង អំឡុងពេលបំពេញការងារនៅតាមការដ្ឋានសំណង់៕