(តាកែវ)៖ ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍រំចាក បានស្រែកយ៉ាងកងរំពង រីករាយសប្បាយចិត្ត អបអរសាទរក្រៃលែង ដែលបានឃើញក្បួនដង្ហែយ៉ាងច្រើនកុះករចុះឃោសនារកសំលេងឆ្នោត ពីសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ ដោយប្រជាពលរដ្ឋ ប្តេជ្ញានឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបំពេញបេសកម្មចូលរួមអភិវឌ្ឍន៍ឃុំឲ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ។

ក្រោមសំឡេងស្រែកស្វាគមន៍ ស្រលាញ់ពេញចិត្ត មិនងាករេចេញពីគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបោះឆ្នោតគាំទ្របន្តទៀត ពីសំណាក់ប្រជាជននៅក្នុងភូមិទាំង១១ នៃឃុំពោធិ៍រំចាកនេះ នាឱកាសលោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស បានដឹកនាំដង្ហែក្បួនរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះឃោសនារកសំឡេងឆ្នោត នៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ។ គណបក្សប្រជាជនកម្ពុជា បានលះបង់និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព»។

លោកបណ្ឌិត ពេជ សោភ័ន លើកឡើងបន្តថា ដើម្បីពង្រឹងពង្រីកសមិទ្ធផលគ្រប់ផ្នែក គ្រប់វិស័យនៅឃុំ-សង្កាត់រយៈពេលប្រាំឆ្នាំបន្តទៀត គណបក្សប្រជាជនកម្ពុជាក៍បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ឆ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។ បន្តការផ្ទេរធនធានបន្ថែម១% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋបាលរាជធានី ខេត្ត ៦% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចាប់ពី ឆ្នាំ ២០២៤ទៅ ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលនានានៅក្នុងឃុំពោធិ៍រំចាកទាំងមូលដែលកើតចេញការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមការងារចុះមូលដ្ឋាន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមនៅក្នុងឃុំ ព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងកាន់តែមានភាពកក់ក្តៅ ក្នុងរយៈពេលមួយអាណត្តិកន្លងមកនេះ។ លោកបណ្ឌិត បញ្ជាក់បន្ថែមថា ជាការពិតណាស់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៍ឈ្លាសវៃ ពេញមួយអាណតិ្តកន្លងទៅនេះ បក្សទាំងមូល រាជរដ្ឋាភិបាល អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែមានការអភិវឌ្ឍ សុវត្ថិភាពរឹងមាំប្រជាជនកាន់តែមានជីវភាពប្រសើរឡើង ហើយបានរស់នៅប្រកបដោយសុភមង្គលក្រោមម្លប់នៃសន្តិភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន កាន់តែរីកចម្រើនបន្តទៀត៕