(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងស្តីពីការកើនឡើងការវាយប្រហារបោកបញ្ជោតប្រភេទ Business Email Compromise (BEC) ទៅលើវិស័យឯកជន។

ក្រសួងបានឲ្យដឹងថា ការបោកបញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារទៅកាន់អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ។

ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជំនួយការនិងបុគ្គលិកជាន់ខ្ពស់ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ដើម្បីការពារខ្លួនពីបញ្ហានេះ អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នជាមួយនឹងវិធានការដូចខាងក្រោម៖

*ពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីមែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀតក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ
*ប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីមែលស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់
*បញ្ជាក់និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីមែល (ឧទាហរណ៍ ការហៅទូរសព្ទ)
*ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បញ្ជោតនិងផ្ទេរសាច់ប្រាក់រួចរាល់
*គួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរកចោរព័ត៌មានវិទ្យាមកផ្តន្ទាទោស៕