(ភ្នំពេញ)៖ នៅថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបន្តប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការប ោះឆ្នោត ដែលវាយតម្លៃអំពីយុទ្ធនាការនៅថ្ងៃនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, នៅថ្ងៃទី៣ នៃយុទ្ធនាការឃោសនានេះ មិនសូវមានការហែក្បួននោះទេ ដោយភាគច្រើនជាការជួបប្រជុំ ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការចែកខិត្តប័ណ្ណតាមផ្ទះ និងមានសកម្មភាពហែក្បួនឃោសនាមួយចំនួនផងដែរ។

គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ តាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់គណបក្សនយោបាយនីមួយៗ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីរួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕