(ពោធិ៍សាត់)៖ ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សកម្មភាពនៃប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការថមថយច្រើន។

អាជ្ញាធរបានបញ្ជាក់ថា ការថយថុះនេះ គឺដោយសារតែប្រជានេសាទបានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះរហូតទៅដល់១០លើក និងមានអ្នកចូលរួម៤៥០នាក់។ បន្ថែមពីនោះ ក្រុមការងារក៏បានបន្តបោះបង្គោលអភិរក្ស បានចំនួន១០ដើម (នៅដីរនាត០៥ដើម, នៅកំពង់ប្រាក់០៥ដើម) និងជ្រុំបង្គោលកំពង់ប្រាក់ បានចំនួន៦០០ដើម/៣ហិកតា។

នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក លើការបង្ក្រាបបទល្មើសជលផល ក្នុងសាស្ត្រខេត្តពោធិ៍សាត់ ដែលដឹកនាំលោក តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

សូមជម្រាបជូនថា ផ្អែកតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា លទ្ធផល និងសកម្មភាព របស់អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន៖

* ដកហូត រឹបអូសវត្ថុតាងបទល្មើសជលផល៖ កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនឆាយណា ចំនួន០៣គ្រឿង, មងរាយប្រវែង៦,០០០ម៉ែត្រ, ធុងក្លាស្សចំណុះ៣០០លីត្រ ចំនួន០១ធុង និង៣០លីត្រ ចំនួន០១ធុង និងត្រីខូចគុណភាពចំនួន៤០គីឡូក្រាម។

* បំផ្លាញចោលវត្ថុតាងបទល្មើសជលផល៖ លូកងស្បៃមុង ចំនួន៣៦គ្រឿង, របាំងស្បៃមុង ប្រវែង២,២០០ម៉ែត្រ (១៨ខ្សែ), បង្គោល ចំនួន៧៣០ដើម, ចាក់លែងត្រីចម្រុះ៣០គីឡូក្រាម, មងរាយប្រវែង២,៨០០ម៉ែត្រ, សម្រាស់មែកឈើ (១៥ម៉ែត្រ គុណ១៥ម៉ែត្រ) ចំនួន១០កន្លែង និង (១០ម៉ែត្រ គុណ១០ម៉ែត្រ) ចំនួន០៣កន្លែង។

ជាមួយគ្នានោះ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា សរុបយោងគិតចាប់ពីថ្ងៃទី០៧ ខែមីនា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានរឹបអូស ដកហូត កាណូត បានចំនួន២០គ្រឿង, ទូក បានចំនួន០៩គ្រឿង, អួនអូសទឹកសាប បានចំនួន១៣វង់, ឈឹបយន្ត បានចំនួន០៣គ្រឿង, អួន បានចំនួន០៦វង្ស, បង្គោល បានចំនួន២០១០ដើម, លបប្រើស១០០ បានចំនួន១១០ខ្សែ និងកំណត់មុខសញ្ញាចាប់ឃាត់ខ្លួនមនុស្ស បានចំនួន២០នាក់។

លោកអនុប្រធានមន្ទីររូបនោះ បានបញ្ជាក់បន្ថែមថា ជុំវិញប្រតិបត្តិការបង្ក្រាបខាងលើ ក៏មានបញ្ហាប្រឈម និងផលលំបាកជាច្រើន ដោយសារកិច្ចសហការចូលរួម ពីប្រជាពលរដ្ឋ គឺមិនទាន់ទូលំទូលាយ, ការយល់ដឹង និងការចូលរួមគោរពច្បាប់ នៅមានកម្រិត, ប្រេងឥន្ធនៈ និងថវិកាមានមិនគ្រប់គ្រាន់ តាមការងារចាំបាច់ និងតម្រូវការជាក់ស្តែង សម្រាប់គាំទ្រសកម្មភាពយុទ្ធនាការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឲ្យកាន់តែមានប្រសិទ្ធភាព៕