(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងបន្តស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយរហូតមកដល់ពេលនេះ មិនទាន់មានអ្វីថ្មីនោះឡើយ។

គិតរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណជិតមួយសប្តាហ៍ហើយ ដែលសហរដ្ឋអាមេរិកបើកការស៊ើបអង្កេតលើ លោក អ៊ុក ទូច ពលរដ្ឋខ្មែរអាមេរិកដែលបានគប់ស្បែកជើង សំដៅសម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលស្បែកជើងនេះមិនបានត្រូវចំសម្តេចនោះទេ ដោយហោះចំនឹងទូរស័ព្ទ របស់អ្នកគាំទ្រម្នាក់។

ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ កម្លាំង FBI របស់អាមេរិក ចំនួន៣នាក់ បានចុះទៅដល់ផ្ទះ លោក អ៊ុក ទូច ដើម្បីសាកសួរចម្លើយដែលលោកបានគប់ស្បែកជើងទៅលើ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក អ៊ុក ចន្ថា ជាប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង កំពុងរស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីសកូ រដ្ឋ California ដែលដឹងរឿងនេះ បានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទទៀតថា បើយោងតាមសមត្ថកិច្ចអាមេរិក លោក អ៊ុក ទូច អាចនឹងត្រូវបញ្ជូនទៅឡើងតុលាការ នៅរដ្ឋធានីវ៉ាស៊ីនតោន ព្រោះជាទីកន្លែងដែលប្រព្រឹត្តិបទល្មើសគប់ស្បែកជើង៕