(កំពង់ធំ)៖ លោក ម៉ែន លី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ត្រូវចៀសវាងសកម្មភាពណាដែលច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោតហាមឃាត់។

លោកបានថ្លែងបែបនេះ នៅក្នុងពិធីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ស្ថិតនៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២២ ជាមួយសមាជិកសមាជិកាបក្សជិត៧០០នាក់។

លោក ម៉ែន លី បានលើកឡើងថា «សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។ តាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ មិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស»

លោកបានបន្ដទៀតថា ក្នុងរយៈពេលនេះប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត។ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកៀរគរ ញាតិមិត្ត បងប្អូន ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ឃុំទីពោ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត៕