(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសំណេះសំណាល និងពន្យល់សមាជិកគ្រួសារបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់លែង ពីរបៀបគូសសន្លឹកឆ្នោត និងពន្យល់ស្គាល់រូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកក៏សុំឱ្យប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកបានដឹកនាំក្រុមការងារ ថ្នាក់ខេត្ត និងថ្នាក់ស្រុក អញ្ជើញចុះសំណេះសំណាល និងពន្យល់អំពីរបៀបគូសសន្លឹកឆ្នោត ជាមួយប្រជាពលរដ្ឋ ជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជា តាមលំនៅដ្ឋានរបស់ពួកគាត់ នៅតាមភូមិមួយចំនួនក្មុងស្រុកកំពង់លែង។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានពន្យល់បន្ថែមអំពី គុណដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេច ហេង សំរិន ប្រធានកិត្តិយសបក្ស។ វីរភាពរបស់សម្ដេច និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនមួយចំនួនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដឹកនាំវីរយុទ្ធជនចេញតស៊ូរំដោះជាតិទឹកដីឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវគុណណូបការៈដ៏ធំធេងទាំងនេះបានឡើយ។

សម្តេចតជោ បានកសាងប្រទេសឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ តាំងពីបាតដៃទទេមិនមានសង្គ្រាមបង្ហូរឈាម ប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព មិនតែប៉ុណ្ណោះ សម្តេច និងថ្នាក់ដឹកនាំបក្សប្រជាជនបានខិតខំការពារ មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកកម្ពុជាជាថ្មីទៀតបានឡើយ។

ថ្ងៃនេះជាថ្ងៃទី២៣ ខែឧសភា និងក៏ជាថ្ងៃទី៣ នៃយុទ្ធនា ការឃោសនា រកសំឡេងឆ្នោត ក្នុងការជ្រើសរើសឃុំសង្កាត់ មកពី១១គណបក្ស ដែលបានចុះឈ្មោះនៅក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែកគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំងទាំង៧១ឃុំសង្កាត់ នៅថ្ងៃទី៣ នៃថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះដែរ មានសកម្មភាពសស្រាក់សស្រាំ ទាំងផ្លូវទឹកនិងផ្លូវគោក ចំណែកសម្លេងវិឃោសនស័ព្ទវិញ លាន់ឮរំពង នៅគ្រប់មូលដ្ឋាន លាយឡំទៅនឹងការបន្លឺសំឡេងខ្លាំងៗថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះទាំង៧១ឃុំសង្កាត់៕