(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២១ លើកទិសដៅបន្តឆ្នាំ២០២២ និងប្តូរឈ្មោះសមាគម ពីសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ទៅជាសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្តត់ផ្គង់នៅកម្ពុជា។

លោក ជា ចាន់ដារ៉ា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ជាភាសាអង់គេ្លស LOGISTICS BUSINESS ASSOCIATION ដែលហៅ (កាត់ថា LOBA) ត្រូវបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ៥៤៩៧/ប្រក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងប្រកាសទទួលស្គាល់ម៉ាក ពាណិជ្ជនាម ដោយក្រសួងពាណិជ្ជកម្ម ត្រូវបានប្តូរឈ្មោះទៅជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ជាភាសាអង់គេ្លស LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN CAMBODIA ដែលហៅកាត់ថា (LOSCBA) ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ១០៨៣/ប្រក ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២។

លោកបន្តថា គោលបំណងរបស់សមាគមនេះ រួមមាន៖

* ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
* ជួយបណ្តុះបណ្តាលសមាជិក និងសកម្មជនអំពីច្បាប់ និងបទដ្ឋានផ្សេងៗ។
* ចងក្រងជាក្រុមរវាងអ្នកដឹកជញ្ជូន និងអ្នកផ្គត់ផ្គង់ទំនិញទាំងអស់ឲ្យមានសំឡេងតែមួយ។
* បង្កើនសមត្ថភាព និងចំណេះដឹងដល់អ្នកដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូល តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។
* បង្កើនសាមគ្គីភាព រវាងអ្នកដឹកជញ្ជូន និង អ្នកផ្គត់ផ្គង់ទំនិញក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តារប្រទេសផ្សេងៗ។
* ជំរុញឲ្យមានការគោរព និងអនុវត្តច្បាប់នានា។
* រៀបចំសិក្ខាសាលារយៈពេលខ្លីៗដោយផ្តល់នូវចំណេះដឹងថ្មីៗ លើវិស័យដឹកជញ្ជូនជាតិ អន្តរជាតិ ការផ្គត់ផ្គង់ទំនិញ ការផលិត និងនាំចេញ នាំចូល។
* កិច្ចសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ឋលើវិស័យដឹកជញ្ជូនទំនិញ និងការនាំចេញនាំចូល រួមទាំងសម្របសម្រួលការប្រកួតប្រជែងរវាងដៃគូពាណិជ្ជកម្ម និងកិច្ចសម្រួលផ្សេងៗ។
* ការរៀបចំជាមូលនិធិកិច្ចការសង្គមដើម្បីឧបត្ថមដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សខ្វះខាត តាមបណ្តារាជធានី ខេត្តទៅតាមលទ្ធភាពរបស់សមាគម។

ចំណែកឯ ទិសដៅរបស់សមាគមរួមមាន៖

* លើកស្ទួយវិស័យដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូលឲ្យកាន់តែប្រសើឡើង។
* ជំរុញឲ្យមានការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។
* លើកស្ទួយ និងការគាំទ្រដល់វិស័យកសិកម្ម ការដឹកជញ្ជូន វេចខ្ចប់ និង ជំរុញការរកទីផ្សាជូនកសិករ។

យុទ្ឋសាស្រ្តរបស់សមាគមគឺ៖

* ជួយជំរុញឲ្យមានការយល់ដឹងអំពីវិស័យដឹកជញ្ជូននាំចេញនាំចូល និងការធ្វើទីផ្សាអន្តរជាតិ។
* ជួយជំរុញឲ្យប្រើប្រាបច្ចេកទេសជំនាញលើវិស័យដឹកជញ្ជូន និងប្រើប្រាស់បច្ចេកទេសទិញលក់តាមប្រព័ន្ឋឌីជីថលអនឡាញ៕