(ក្រចេះ)៖ ចូលរួមជាមួយការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទូទាំងប្រទេស មន្រ្តីនិងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះរួមគ្នារៀបចំដង្ហែក្បួន បង្ហាញកំលាំងនយោបាយតាមស្រុកក្រុងទាំង៦ ក្នុងខេត្តយ៉ាងហ៊ឹកហ៊ាក់ គគ្រឹកគគ្រេងក្រៃលែង។

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្បួនបើកយុទ្ធនាការឃោសនាដែលមានអ្នកចូលរួមដង្ហែរាប់ពាន់នាក់បានប្រារព្ធឡើងយ៉ាងសកម្មស្វាហាប់តាមបណ្តាឃុំ សង្កាត់ ទាំង ៤៨ នៃស្រុក ក្រុងទាំងអស់ ក្នុងខេត្តក្រចេះ។

ដោយឡែកនៅទីរួមខេត្តក្រចេះនាព្រឹកថ្ងៃដំបូងនៃយុទ្ធនាការនេះ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ អភិបាលខេត្តក្រចេះ រួមជាមួយអស់លោក លោកស្រី សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត មន្ត្រីគណបក្ស យុវជនគណបក្ស និងសកម្មជនគណបក្ស ប្រមាណជិត៣០០០នាក់ បានជួបជុំគ្នានៅក្នុងបរិវេណសួនកុមារ ខាងមុខ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីប្រារព្វពិធីបើកនិងដង្ហែក្បួនយុទ្ធនាការក្នុងទីរួមខេត្ត រួចបន្តទៅតាមឃុំសង្កាត់នានាជុំវិញខេត្ត។

បន្ទាប់ពីលោក វ៉ា ថន ប្រធានគណបក្សខេត្ត អានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផ្ញើជូនជនរួមជាតិរួចមក លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សខេត្ត ក្រចេះ បានថ្លែងទៅកាន់អង្គពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដោយបានធ្វើការគូសបញ្ជាក់ថា« ការចូលរួមគាំទ្រយ៉ាងច្រើនកុះករក្នុងឱកាសនេះ សបង្ហាញច្បាស់ពីឧត្តមភាព គ្មានគូប្រៀបរបស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរក្សាតួនាទីស្នូលដឹកនាំការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយសុខសន្តិភាពជាបន្តទៅទៀត»។

សម្រាប់រយៈពេល២សប្តាហ៍នៃយុទ្ធនាការផ្តាច់ព្រ័តនេះ លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ បានអំពាវនាវដល់មន្ត្រីក្រុមការងារគណបក្ស មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវច្បាមជាប់មូលដ្ឋានឃុំសង្កាត់ ចុះតាមខ្នងផ្ទះប្រជាជន ដើម្បីបញ្ជូនសារនយោបាយស្តីពីសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាឱ្យបានរួតជ្រាបដល់ប្រជាជនអ្នកបោះឆ្នោត សំដៅធានាបានជ័យជំនះទាំងស្រុង នាថ្ងៃបោះឆ្នោត៥មិថុនា ២០២២ខាងមុខនេះ ជាក់ជាមិនខាន៕