(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវភាពរីករាយដោយឃើញយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃដំបូងនេះ ដំណើរការទៅដល់រលូន គ្មានអំពើហិង្សា និងការប៉ះទង្គិច។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «បណ្តាគណបក្សនយោបាយសុទ្ធតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គេប្រព្រឹត្តទៅដំណើរការដោយសន្តិវិធី នេះហើយជាផ្នែកដែលយើង បោះឆ្នោតដោយទៀងទាត់ អត់មាននរណាមកប្រដៅយើងទេ ច្បាប់កំណត់អញ្ចឹង»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រឿងនរណាបោះឆ្នោតឱ្យនរណាជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះឆ្លៀតឱកាសដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នេះ សម្តេចបានអំពាវនាវដល់ពលរដ្ឋទាំងអស់ រក្សាភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលនាំឱ្យមានចរិតជាហិង្សា ឬគំរាមកំហែងឱ្យសោះ។

សម្តេចបានបញ្ជាក់ថា «ប្រទេសយើងលំបាកពេកហើយ ល្មមប៉ុណ្ណឹងបានហើយ យកគោលនយោបាយទៅធ្វើការប្រកួតប្រជែងគ្នាជាជាងជេរគ្នា»

សូមបញ្ជាក់ថា ក្នុងការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃដំបូងនេះ គឺថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានដំណើរការទៅដោយរលូន គ្មានអំពើហិង្សា និងការប៉ះទង្គិចគ្នាឡើយ។ នេះបើតាមការបញ្ជាក់របស់ គ.ជ.ប និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានចាត់ទុកថា កត្តា និងសន្តិវិធីនេះកើតឡើងដោយសារការរួមផ្សំរវាងភាពចាស់ទុំ នៃគណបក្សនយោបាយ ក្នុងកាចូលរួមសកម្មភាពឃោសនា ដោយមានការប្រយ័ត្នប្រយែង និងការទទួលខុសត្រូវក្នុងការហែក្បួនរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកពីអាជ្ញាធរដែនដី និងសមត្ថកិច្ច។

បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ, នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នេះមានគណបក្សនយោបាយ១៥ បានចូលរួម ដែលមានសមាជិកសរុបប្រមាណជិត៧០ម៉ឺននាក់ បានប្រមូលផ្តុំគ្នា និងដង្ហែក្បួនឃោសនាទៅតាមទីកន្លែងនានា នៅទូទាំងប្រទេស។

នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន ៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន ២ បានហែក្បូនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺ គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប៕