(ស្វីស)៖ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ដែលឆ្លើយតបនឹងសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តម្លៃសាំងនៅប្រទេសបារាំង ១លីត្រថ្លៃ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល តម្លៃនេះថ្លៃជាងនៅកម្ពុជា ដែលសាំងធម្មតាត្រឹមតែ ៥៦០០រៀលប៉ុណ្ណោះក្នុង១លីត្រ។

ជុំវិញតម្លៃសាំងនៅអឺរ៉ុបថ្លៃជាងកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមកុំចាញ់បោកការឃោសនា ពេលជាប់ឆ្នោតធ្វើឲ្យសាំងចុះថ្លៃ ខណៈនៅពេលនេះដល់រដូវបោះឆ្នោតនោះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ នៅទីក្រុង Zurich ប្រទេសស្វីស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវបងប្អូននៅស្រុកបារាំងបញ្ជាក់ថា សាំងនៅស្រុកបារាំងតម្លៃ២អឺរ៉ូ (ប្រមាណ១ម៉ឺនរៀល) សូមផ្តាំទៅបងប្អូននៅស្រុកខ្មែរ កុំឲ្យគេភូត។ សូមស្តាប់ឲ្យបានច្បាស់ នៅទីនេះ [អឺរ៉ុប] តម្លៃសាំង១លីត្រ ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល ខណៈនៅស្រុកខ្មែរថ្ងៃនេះ សាំងធម្មតាត្រឹមតែ៥៦០០រៀលក្នុង១លីត្រ អីចឹងទេកុំឲ្យគេភូត ព្រោះនៅស្រុកខ្មែរពេលនេះកំពុងដេញថ្លៃសាំង ឲ្យតែដល់ពេលឃោសនាបោះឆ្នោត គេដេញថ្លៃសាំង គឺគេសន្យាពេលឈ្នះឆ្នោត គេនឹងធ្វើឲ្យថ្លៃសាំងចុះថោក»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសង្ឃឹមថាបងប្អូន នៅក្នុងប្រទេសស្តាប់បានហើយ តម្លៃសាំងនៅអឺរ៉ុប ថ្ងៃមុនខ្ញុំក៏សួរបញ្ជាក់រឿងនេះនៅអាមេរិក គិតទៅនៅតែថ្លៃជាងស្រុកខ្មែរ ប៉ុន្តែបើទោះបីជានៅអឺរ៉ុបក្តី នៅអាស៉ីក្តី ថ្លៃខុសត្រូវគ្នាយ៉ាងក្តី តែនោះហើយដែលកើតចេញពីវិបត្តិនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បើសង្គ្រាមនេះនៅបន្តអូសបន្លាយវានឹងបន្តផលប៉ះពាល់ធ្ងន់ធ្ងរណាស់»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វិបត្តិនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះ ទាមទារឲ្យមានការវាយតម្លៃ ត្រៀមលក្ខណៈទុកជាមុន ព្រោះមិនដឹងថាវិបត្តិនេះរាលដាលដល់កម្រិតណា ខណៈពេលនេះ ទើបកើតឡើងនូវវិបត្តិថាមពល ពិសេសតម្លៃប្រេងសាំង តែនៅពេលខាងមុខអាចនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខស្បៀងផងដែរ៕