(សៀមរាប)៖ លោក សៀង ណាំ អនុប្រធានក្រុងការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សប្រមាណជាង១ពាន់នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សៀង ណាំ បានថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិក សមាជិកា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានាឲ្យយល់ និងឃើញច្បាស់អំពីកម្លាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជាបាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋាននៅក្នុងថ្ងៃនេះ។

លោកក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាប្រមាណជាង១ពាន់នាក់ ដែលចូលរួមដង្ហែក្បួនចាំបាច់ត្រូវគោរពឱ្យបានសមស្របទៅតាមលក្ខន្តិកៈរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ជាពិសេសរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ដែលបានកំណត់។

ក្នុងឱកាសបើកយុទ្ធនាការនោះដែរ លោក សៀង ណាំ បានវាយតម្លៃខ្ពស់ និងកោតសរសើរនូវរាល់សមិទ្ធផលនានារបស់ឃុំទាំង១២ក្នុងស្រុកក្រឡាញ់ ដែលបានសម្រេចរយៈពេលមួយអាណត្តិកន្លងមកនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់បានអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ មានការរីកចម្រើនដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែមានការអភិវឌ្ឍ មានសុខសុវត្ថិភាព ប្រជាជនមានជីវភាពប្រសើរឡើង ហើយបានរស់នៅក្រោមម្លប់នៃសន្តិភាព។

ដើម្បីពង្រឹង ពង្រីកនូវការអភិវឌ្ឍលើគ្រប់វិស័យនៅឃុំ-សង្កាត់បន្ថែមទៀត ក្នុងរយៈពេលប្រាំឆ្នាំបន្តទៀត គណបក្សប្រជាជនកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្លាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគ្រប់រូប ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជាសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ និងមានគណបក្សប្រជាជនកម្ពុជាដឹកនាំឃុំ-សង្កាត់ អភិវឌ្ឍឲ្យបន្តរីកចម្រើន និងមានសុខសន្តិភាពពេញលេញ។

បើតាមលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ អាណត្តិទី៥នេះ មានរយៈពេល១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

លោក នឹម វ៉ាន់សំ បានបន្តថា សម្រាប់ថ្ងៃដំបូងនេះ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យសុំធ្វើសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងក្របខណ្ឌទូទាំងខេត្ត។

លោកប្រធានគណៈកម្មការបានបន្តទៀតថា នៅទូទាំងខេត្តសៀមរាបមានឃុំ-សង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន១,៥០៨ការិយាល័យ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៥៨៨,៥៣៣នាក់។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង៣៖០០រសៀល៕