(ប៉ៃលិន)៖ «យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់ឫស្សយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមកនូវសិទ្ធិសេរី ភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ»

នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ី ឈាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិកសមាជិកា នៃអង្គពិធីលោក អ៊ី ឈាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។

ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានលើកឡើងថា កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកស្រី បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យ ប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ។

បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងខេត្តមានគណបក្សនយោបាយចំនួន៥ មានគណបក្សប្រជានកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោត ៤២២៦២នាក់៕