(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការគណបក្សខណ្ឌចំការមន បានរៀបចំអង្គមិទ្ទីញ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកោះពេជ្រ ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន ។

យុទ្ឋនាការនេះ ដោយមានការចូលរួមពីលោក-លោកស្រី ជាក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ-សង្កាត់ទាំង០៥, លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក-លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខណ្ឌ-សង្កាត់, លោក-លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ទាំង០៥ និងសមាជិកគណបក្សសង្កាត់-ខណ្ឌ ចំនួនអ្នកចូលរួមសរុប ២,១២០នាក់។

ជាមួយគ្នានោះផងដែរ ក្បួនដង្ហែឃោសនារបស់គណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ បានហែនៅក្នុងជុំវិញមូលដ្ឋានខណ្ឌចំការមន រហូតដល់ម៉ោង ១០:០០នាទី ហើយតាមក្បួនគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ បានបំបែកហែចូលទៅក្នុងមូលដ្ឋានសង្កាត់រៀងខ្លួន រហូតដល់ម៉ោង ១១:០០នាទី និងវេលាម៉ោង ១៤:០០នាទីរសៀល គណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ បន្តយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងមូលដ្ឋាន សង្កាត់រៀងៗខ្លួនទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕