(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងលោក ស ថេត អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

ការឃោសនារកសំឡេងនៅលើទឹកដីខណ្ឌមានជ័យនាព្រឹកថ្ងៃនេះ ក្បួនឃោសនាមានទាំងរថយន្ត ម៉ូតូ រំលេចដោយទង់ជាតិ និងទង់បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កាជានិមិត្តរូប។ សមាជិក សមាជិកាបានចូលរួមស្រែកនូវជយឃោសនានា បង្ហាញនូវគោលនយោបាយ ការប្តេជ្ញាចិត្ត និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

ពីលើវេទិកាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម លោក ប៉ា សុជាតិវង្ស បានលើកបង្ហាញនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ដោយឡែកលោក ស ថេត បានរំលឹកពីការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅតំបន់នេះ ហើយរកបានមកនូវសុខសន្តិភាពពេញលេញ ជាធាតុដ៏សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕